ក្រសួងមហាផ្ទៃ បដិសេធ ពីការផ្សាយរបស់សារព័ត៌មានថៃមួយ ដែលថា “ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជាក្នុងអគារកាស៊ីណូថ្មដា” ខណៈការពិត គឺជា “ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក” ក្នុងដែនអធិបតេយ្យកម្ពុជា
តាមការចុះផ្សាយពី ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ ក្រសួងមហាផ្ទៃ បានបានចេញសេចក្ដីប្រកាសបដិសេធ ពីការផ្សាយរបស់សារព័ត៌មានថៃមួយ ដែលថា “ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជាក្នុងអគារកាស៊ីណូថ្មដា” ខណៈការពិត គឺជា “ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក” ក្នុងដែនអធិបតេយ្យកម្ពុជា។

ក្រសួងមហាផ្ទាំ បានបញ្ជាក់ឱ្យដឹងថា ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ បានធ្វើការផ្សព្វផ្សាយអត្ថបទផ្ទុយពីការពិតមួយ ដែលមានខ្លឹមសារថា «…ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា» ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ និងសូមបំភ្លឺជូនមតិសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រូបភាព និងទីតាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា មិនមែនស្ថិតនៅក្នុងរបស់ដែលហៅថា «បរិវេណអគារកាស៊ីណូថ្មដា» នោះទេ តែផ្ទុយទៅវិញទីតាំងនោះគឺជា «ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦» ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។
ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច៨ នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលបានឯកភាពគ្នាថា «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី» ។ លើសពីនេះទៀត ការរឹបអូសសព្វាវុធនៅក្នុងប៉ុស្តិ៍នគរបាល ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នូវការប្រើប្រាស់ ច្បាប់ព្រៃរបស់រដ្ឋាភិបាល និងយោធាថែមកឈ្លានពានទឹកដីកម្ពុជា ហើយភាគីថៃខ្លួនឯងត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់អន្តរជាតិ ដោយមិនអាចគេចវេសយករួចខ្លួនបានឡើយ។
ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទាត់ចោលទាំងស្រុងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ និងជំរុញឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ហើយងាកមកអនុវត្តតាម ខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី បង្កើនជំនឿទុកចិត្ត ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងគោរពគ្នាទៅវិញទៅមក ៕


ប្រភព៖ ក្រសួងមហាផ្ទៃ