អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់ត្រៀមបើកការដ្ឋានសាងសង់ «ប្រាសាទកណ្ដាលបឹងតាកែវ»
(ខេត្តតាកែវ)៖ នៅរសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ នេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់ត្រៀមបើកការដ្ឋានសាងសង់ «ប្រាសាទកណ្ដាលបឹងតាកែវ» ដែលសមិទ្ធផលថ្មីស្រឡាងមួយទៀត កំពុងត្រៀមលេចរូបរាងឡើងនៅចំកណ្ដាលបេះដូង នៃក្រុងដូនកែវ។

នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់ត្រៀមបើកការដ្ឋានសាងសង់ «ប្រាសាទកណ្ដាលបឹងតាកែវ» ដែលគ្រោងនឹងប្រារព្ធធ្វើឡើងជាផ្លូវការ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យទីតាំងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដល់ការណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមការងារសិក្សាគម្រោង ត្រូវធានាឱ្យបាននូវរាល់បទដ្ឋានបច្ចេកទេសសាងសង់ ជាពិសេសត្រូវថែរក្សាឱ្យបាននូវទម្រង់ «រចនាបថខ្មែរបុរាណ» ដើម្បីឱ្យសំណង់នេះមានតម្លៃសិល្បៈស្ថាបត្យកម្មខ្មែរពិតៗ និងរឹងមាំយូរអង្វែង។
ឯកឧត្តម អភិបាលខេត្ត បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រាសាទកណ្ដាលបឹងតាកែវនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការជួយលើកសម្រស់ក្រុងដូនកែវ ឱ្យកាន់តែមានភាពទាក់ទាញ មិនត្រឹមតែជាកន្លែងគោរពសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើន ដែលជាកម្លាំងជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់នេះត្រូវបានកសាងឡើងក្នុងគោលបំណងរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវ ក៏ដូចជា ទុកជាមរតកវប្បធម៌សម្រាប់មហាជនគោរពសក្ការបូជាតទៅអនាគត។
លើសពីនេះ គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ សាងសង់អំពីបេតុងអាមេយ៉ាងរឹងមាំ ដោយមានការបិទ និងក្រាលលម្អដោយថ្មភក់ ប្រកបដោយភាពផ្ចិតផ្ចង់ ប្រាសាទមានរាងចតុកោណ ដែលមានបណ្តោយ ៦,៥៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ចំណែកឯកម្ពស់សរុបឡើងដល់ ៩ ម៉ែត្របំពាក់ដោយដំបូលជ្រុងក្រឡូមតាមលក្ខណៈបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា «ក្រពុំឈូក» ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពរីកចម្រើន៕





ប្រភព៖ ក្រសួងមហាផ្ទៃ