កម្ពុជា ទទួលជំនួយមនុស្សធម៌លើកទី២ ពីរដ្ឋាភិបាលចិន ដើម្បីជួយសង្គ្រោះជនភៀសសឹកតាមបន្ទាត់ព្រំដែន
តាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលជំនួយមនុស្សធម៌លើកទី២ ពីរដ្ឋាភិបាលចិន ដើម្បីជួយសង្គ្រោះជនភៀសសឹកតាមបន្ទាត់ព្រំដែន។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំពិធីទទួលសម្ភារៈជំនួយមនុស្សធម៌លើកទី២ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹកតាមបណ្តោយបន្ទាត់ព្រំដែន។

ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជាក្នុងគ្រាដ៏លំបាក។សម្ភារៈជំនួយមនុស្សធម៌ទាំងនេះ នឹងត្រូវគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាត់ចែងដឹកជញ្ជូនបន្តទៅកាន់មណ្ឌលសុវត្ថិភាពក្នុងបណ្តាខេត្តដែលរងផលប៉ះពាល់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ជនភៀសសឹក។ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងណែនាំដល់ក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឱ្យត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលអាចនឹងបន្តជម្លៀសពីតំបន់ព្រំដែនគ្រប់ពេលវេលា។ទោះបីជាវីរកងទ័ពកំពុងលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលមិនដែលធ្វេសប្រហែសចំពោះ «សមរភូមិក្រោយ» ឡើយ ដោយកំណត់យកការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបនៅតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់បំផុត។
គួររំលឹកផងដែរថា ជំនួយមនុស្សធម៌លើកទី១ បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។ ចំពោះជំនួយលើកទី២ នេះ មានតម្លៃទឹកប្រាក់សរុបចំនួន ២០ លានយ័ន (ប្រមាណ ២,៨ លានដុល្លារអាមេរិក)។ កាយវិការនេះបានសបញ្ជាក់ថា ប្រទេសចិនក្នុងនាមជា «មិត្តដែកថែប» នឹងបន្តគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាព ការអភិវឌ្ឍ និងការស្តារឡើងវិញឈានទៅរកភាពរុងរឿង៕




ប្រភព៖ នាយកដ្ឋានព័ត៌មាន