ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតមកទល់ពេលនេះ មានជនភៀសសឹកសរុបជាង ៤៦ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់

    BY soknita January 8, 2026
    គិតមកទល់ពេលនេះ មានជនភៀសសឹកសរុបជាង ៤៦ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់

    (រាជធានីភ្នំពេញ)៖ យោងតាមការចេញផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា គិតមកទល់ពេលនេះ មានជនភៀសសឹកសរុបជាង ៤៦ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀសសឹកសរុបចំនួនជាង ១៨ម៉ឺននាក់ទៀត ដែលបន្តរស់នៅក្នុងជំរុំនៅឡើយ។ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើនបានបើកដំណើរការឡើងវិញជាបណ្តើរៗ។ នេះបើតាម អ្នកនាំពាក្យរាជរដ្ឋាភិបាល។

    ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកបានធ្វើឡើង ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រង់ចំណុច៤ដែលចែងថា៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ 

    ទោះជាយ៉ាងណា មានពលរដ្ឋភៀសសឹកជាច្រើនមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ។ នៅក្នុងបទបង្ហាញជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដោយឯកឧត្តមបានលើកឡើងអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប៉ះពាល់ដល់ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកចូលទៅកាន់តំបន់ទាំងនោះ។

    សូមបញ្ជាក់ជូនថា អាជ្ញាធរដែនដី និងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនភៀសសឹក ខណៈដែលសប្បុរសជនពីគ្រប់ទិសទីក៏បានចូលរួមចំណែកយ៉ាងសកម្មដើម្បីជួយជនភៀសសឹកផងដែរ។ ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយ ដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។ សូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀត ដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាមិនចេះរីងស្ងួតក្នុងសង្គមខ្មែរ ជាពិសេសប្រពៃណីជួយគ្នាក្នុងគ្រាជួបការលំបាក៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: