ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ៖ សង្គ្រាមថៃឈ្លានពានកម្ពុជា រយៈពេល ២០ថ្ងៃក្នុងខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន២៥ រងការបំផ្លាញ

    BY soknita January 8, 2026
    ក្រសួងអប់រំ ៖ សង្គ្រាមថៃឈ្លានពានកម្ពុជា រយៈពេល ២០ថ្ងៃក្នុងខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន២៥ រងការបំផ្លាញ

    (រាជធានីភ្នំពេញ) ៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សង្គ្រាមថៃឈ្លានពានកម្ពុជា រយៈពេល ២០ថ្ងៃក្នុងខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន២៥ រងការបំផ្លាញ។ នេះបើតាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិនិត្យលើស្ថានភាពអប់រំក្រោយបទឈប់បាញ់ ដើម្បីផ្តល់ការគាំទ្រ និងរៀបចំផែនការស្តារសាលារៀនខូចខាតឡើងវិញ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានណែនាំភាគីពាក់ព័ន្ធទាំងនោះថា៖«សូមចុះទៅពិនិត្យដល់ទីតាំងសាលារៀនផ្ទាល់ ដើម្បីយល់ច្បាស់ពីស្ថានភាព តម្រូវការជាក់ស្តែង បញ្ហាប្រឈមចំពោះមុខដែលត្រូវដោះស្រាយបន្ទាន់ ឈានទៅវាយតម្លៃការខូតខាត និងចាប់ផ្តើមរៀបចំផែនការជួយគាំទ្រ និងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ»។

    ជាមួយគ្នានេះ ក្រុមការងារជំនាញ ត្រូវបន្តតាមដានស្ថានភាព រួមទាំងការវិវឌ្ឍផ្សេងៗ និងរៀបចំជារបាយការណ៍លម្អិតពីបច្ចុប្បន្នភាពស្ថានភាពអប់រំ ដើម្បីវាយតម្លៃផលប៉ះពាល់ កំណត់ទំហំថវិកា និងក្រុមការងារសម្រាប់ស្តារសាលារៀនខូចខាតឱ្យដំណើរការឡើងវិញ។ក្រៅពីនេះ កិច្ចប្រជុំបានពិនិត្យលើរបាយការណ៍បច្ចុប្បន្នភាព នៃស្ថានភាពផលប៉ះពាល់លើវិស័យអប់រំ ដោយសារការឈ្លានពានរបស់យោធាថៃ លើអធិបតេយ្យរបស់កម្ពុជា ដែលក្នុងនោះរួមមាន៖ សាលារៀនរងការខូចខាតដំណាក់កាលទី១ (ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥) និងដំណាក់កាលទី២ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ សាលារៀនដែលបានបិទ ឬផ្អាកដំណើរការ ស្ថានភាពសាលារៀនរងការខូចខាត, ដំណើរការបង្រៀន និងរៀនក្នុងបរិបទនៃការឈ្លានពាន ចំនួនគ្រូ និងសិស្សដែលរងផលប៉ះពាល់ពីការបិទសាលា និងដំណោះស្រាយដែលបានអនុវត្តកន្លងមក។

    រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តអនុវត្តការងារតាមភារកិច្ចរៀងៗខ្លួនឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវការអប់រំដែលមានគុណភាព សមធម៌ និងបរិយាបន្ន ខណៈនៅតែបន្តចូលរួមចំណែកជាមួយក្រសួងក្នុងការជួយគាំទ្រដល់សាលារៀន និងសិស្សភៀសសឹកទាំងអស់ប្រកបដោយស្មារតីសហការគ្នារឹងមាំ ព្រមទាំងផ្តល់គំនិតដល់ក្រុមការងារចំពោះមុខ បន្តរៀបចំរបាយការណ៍ស្ថានភាពសិស្សភៀសសឹក និងរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលស្ថានភាព បែងចែកធនធាន ការទទួលខុសត្រូវឱ្យមានប្រសិទ្ធភាព និងកំណត់អាទិភាពសាលារៀនដែលរងខូចខាតខ្លាំងដែលត្រូវសាងសង់ឡើងវិញ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: