ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ

    BY soknita January 8, 2026
    អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ

    (ខេត្តកំពង់ចាម)៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានចុះផ្សាយនៅរសៀលថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះ ថា អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ។

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញប្រគល់ម៉ូតូ ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ ដែលបានរងគ្រោះខូចខាតម៉ូតូទាំងស្រុង អំឡុងពេលបំពេញតួនាទីជាយោធា កាលពីព្រំដែន កម្ពុជា-ថៃ មានបញ្ហា។

    ចំពោះពិធីប្រគល់ធ្វើនៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ ដោយមានការប្រគល់ ទទួលម៉ូតូផ្ទាល់ដល់ដៃ ភរិយារបស់យោធាទាំង ២គ្រួសារ។គ្រួសារយោធាទាំង២ ដែលបានទទួលម៉ូតូ រួមមាន៖

    ១.លោកស្រី ម៉ោង មួយហ៊ុន ទីកន្លែងកំណើតនៅ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានស្វាមី ឈ្មោះ តឹក វ៉ាន់ដេត ជាយោធា បម្រើការងារនៅកងពលតូចថ្មើរជើងលេខ៥១ កំពុងឈរជើងនៅជួរមុខ។

    ២៖ លោកស្រី ទូច សុីថា ទីកន្លែងកំណើតនៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម មានស្វាមី ឈ្មោះ លុក ចាប ជាយោធា បម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៦ កំពុងឈរជើងនៅជួរមុខ ខេត្តឧត្តរមានជ័យ ។ឆ្លៀតក្នុងឱកាស ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងតែគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដោយមិនទុកឱ្យនរណាម្នាក់ រងទុក្ខលំបាកនោះឡើយ៕

    ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

    Share This Post: