ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េជួបពិភាក្សការងារជាមួយអគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ ថា ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េជួបពិភាក្សការងារជាមួយអគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ បានទទួលជួបគណៈប្រតិភូដឹកនាំដោយឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងតំណាងក្រុមហ៊ុន DCON, BARAY GLOBAL MANAGEMENT និង BARIMEX ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ផល សុជាតិ បានគូសបញ្ជាក់ថា គោលដៅរបស់ឯកឧត្តមក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េលើកនេះ គឺដើម្បីស្វែងយល់ពីតម្រូវការទីផ្សារផលិតផលកម្ពុជាក្នុងប្រទេសកូរ៉េ សិក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងការនាំចេញផលិតផលកម្ពុជាមកកាន់ទីផ្សារកូរ៉េ និងមានបំណងជំរុញបន្ថែមលើការនាំចេញផលិតផលសក្តានុពលកសិកម្មរបស់កម្ពុជាមកកាន់ទីផ្សារកូរ៉េ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានជួបក្រុមហ៊ុនកូរ៉េមួយចំនួនដើម្បីពិភាក្សាអំពីការនាំផលិតផលកូរ៉េ ទៅបំពេញតម្រូវការទីផ្សារប្រទេសកម្ពុជាផងដែរ ដោយបានពិភាក្សារពីការនាំចូលផលិតផល ការផ្ទេរបច្ចកទេស និងបង្កើតរោងចក្រផលិតក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងការសាទរចំពោះលទ្ធផលនៃដំណើរទសុ្សនកិច្ចរបស់ឯកឧត្តម ផល សុជាតិ ក្នុងប្រទេសកូរ៉េ។
ឯកឧត្តមត្រៀមខ្លួនសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការនាំចេញផលិតផលកម្ពុជាមកកាន់ទីផ្សារកូរ៉េ និងសង្ឃឹមថានឹងមានវត្តមានផលិតផលខ្មែរកាន់តែច្រើន ក្នុងទីផ្សារកូរ៉េនាពេលអនាគតដ៏ខ្លីនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន