ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញាចូលរួមជំរុញផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងឆ្នាំ២០២៦ ឱ្យកាន់តែផុលផុស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

    BY soknita January 10, 2026
    មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញាចូលរួមជំរុញផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងឆ្នាំ២០២៦ ឱ្យកាន់តែផុលផុស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្តេជ្ញាចូលរួមជំរុញផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងឆ្នាំ២០២៦ សម្រាប់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង ២៥ ឱ្យកាន់តែផុលផុស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

    កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ ជាលើកទី១ ហើយដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting) ដើម្បីតាមដាន វាយតម្លៃលទ្ធផលការងារ និងពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងបានដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ រួមទាំងដំណោះស្រាយបញ្ហាប្រឈមទាក់ទងទៅនឹងបញ្ហាសណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ ការគ្រប់គ្រង និងអាជីវកម្មទេសចរណ៍។

    ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ សរុបប្រមាណ ៧៥នាក់។

    ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ ដែលរៀបចំពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងនឹងដាក់ចេញចលនាប្រឡងប្រណាំង រវាងមន្ទីរ រវាងអគ្គនាយកដ្ឋាន និងរវាងនាយកដ្ឋានក្រោមឱវាទរបស់ក្រសួងទេសចរណ៍ផងដែរ។

    ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ត្រូវចូលរួមលើកកម្ពស់ និងអភិវឌ្ឍគោលដៅទេសចរណ៍នៅតាមមូលដ្ឋានរបស់ខ្លួន តាមរយៈការកែលម្អតំបន់ទេសចរណ៍ បរិស្ថាន សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ពោលគឺអភិវឌ្ឍគោលដៅទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងអត្តសញ្ញាណទេសចរណ៍នៅតាមមូលដ្ឋានរៀងខ្លួនៗ ប្រកបទៅដោយចីរភាព និងការប្រកួតប្រជែង។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ ត្រូវតែជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសគឺការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ប្លែក និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យអញ្ជើញចូលទស្សនាខេត្តនីមួយៗកាន់តែច្រើនកុះករ។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ត្រូវពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី ដែលជាចំណុចសំខាន់ ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងចីរភាព តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការលើកកម្ពស់ជំនាញភាសា ការអភិវឌ្ឍជំនាញឌីជីថល ការផ្លាស់ប្តូរបទពិសោធ និងការវាយតម្លៃ និងលើកទឹកចិត្ត ពោលគឺវាយតម្លៃសមត្ថភាព លទ្ធផលការងារ លើកទឹកចិត្ត និងផ្តល់រង្វាន់ចំពោះមន្ត្រីមានសមត្ថភាពល្អ និងសកម្ម៕

    ប្រភព​៖ ក្រសួព័ត៌មាន

    Share This Post: