ក្រសួងអប់រំ ប្រគល់សម្ភារ គ្រឿងឧបភោគ បរិភោគ ជូនមន្ទីរ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលាដែលរងផលប៉ះពាល់តាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់សម្ភារ គ្រឿងឧបភោគ បរិភោគ ជូនមន្ទីរ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលាដែលរងផលប៉ះពាល់តាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួនជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលារៀនដែលរងផលប៉ះពាល់ ដោយបានកោតសរសើរ ចំពោះសមានចិត្ត និងវីរៈភាពអង់អាចក្លាហានរបស់លោកគ្រូ អ្នកគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡា ដែលបានតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីបន្តបេសកកម្មអប់រំសិស្សានុសិស្សនៅតាមតំបន់ព្រំដែន ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពរបស់គ្រួសារអប់រំទាំងអស់ ដែលបានបង្ហាញឱ្យឃើញពីធ្លុងសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងគ្រាដ៏លំបាកនេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីជួយសម្របសម្រួល និងសម្រាលការលំបាករបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំនៃខេត្តបន្ទាយមានជ័យ កន្លងមកក្រសួងបានផ្ដល់គ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួនតាមរយៈប្រធានមន្ទីរចំនួន ២ដងរួចមកហើយ ដោយនេះជាលើកទី៣ ដែលក្រសួងបានមកដល់ខេត្តបន្ទាយមានជ័យដោយផ្ទាល់ និងបានប្រគល់សម្ភារ និងថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ នាយកសាលាដែលរងផលប៉ះពាល់ ប្រធានការិយាល័យស្រុក និងលោកប្រធានមន្ទីរអប់រំ ដើម្បីប្រើប្រាស់ និងបែងចែកបន្ត ជួយសម្រួលជីវភាពរបស់បុគ្គលិកអប់រំនៃខេត្តបន្ទាយមានជ័យ ដោយការជួយគាំទ្រនេះមិនមែនជាលើកចុងក្រោយឡើយ ក្រសួងនឹងនៅតែបន្តជួយដល់សាលារៀនដែលរងគ្រោះ និងលោកគ្រូ អ្នកគ្រូភៀសសឹក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបង្កើតមូលនិធិជួយគាំទ្រលោកគ្រូ អ្នកគ្រូ ដែលផ្ទះសម្បែងត្រូវបានហ៊ុមព័ទ្ធ និងខូចខាតពីការឈ្លានពានរបស់កងទ័ពថៃ ហើយនឹងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាជាធ្លុងមួយក្នុងការជួយគាំទ្រ និងសាងសង់លំនៅឋានថ្មីជូនលោកគ្រូ អ្នកគ្រូដែលរងផលប៉ះពាល់ឱ្យមានលំនឹងជីវភាព និងភាពកក់ក្តៅឡើងវិញ ក្នុងនាមជាគ្រួសារអប់រំតែមួយ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបន្តជួយគាំទ្រដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក និងសូមឱ្យលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋខ្មែរបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕



ប្រភព៖ ក្រសួងព៍ត៌មាន