គិតត្រឹមល្ងាចថ្ងៃទី ៩ ខែមករា មានពលរដ្ឋភៀសសឹកប្រមាណជាង ៤៧ម៉ឺននាក់ ដែលបានវិលត្រឡបទៅលំនៅឋានវិញ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព៍ត៌មាន បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ មានពលរដ្ឋភៀសសឹកប្រមាណជាង ៤៧ម៉ឺននាក់ ដែលបានវិលត្រឡបទៅលំនៅឋានវិញ។ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា គិតត្រឹមល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ គឺមានពលរដ្ឋភៀសសឹកប្រមាណជាង ៤៧ម៉ឺននាក់ហើយដែលបានវិលត្រឡបទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ដែលធ្វើឱ្យចំនួនជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងជំរុំបានថយចុះមកនៅត្រឹមចំនួនជាង ១៧ម៉ឺននាក់ប៉ុណ្ណោះ ដែលអាជ្ញាធរកំពុងតែសម្របសម្រួល ដើម្បីឱ្យពួកគាត់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់នៅក្រោមការយកចិត្តទុកដាក់ទាំងជីវភាព ទាំងសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនជនភៀសសឹកទាំងនោះ។

ក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ចំណែកសាលារៀនចំនួន ៩៧៥កន្លែងក្នុងខេត្តចំនួន៤គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ បានបើកឱ្យដំណើរការឡើងវិញ ខណៈដែលសាលារៀនចំនួន ១១៦កន្លែងផ្សេងទៀតនៅបន្តបិទទ្វារនៅឡើយ។ ក្រៅពីនោះ មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើនក៏បានបើកឱ្យដំណើរការឡើងវិញ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ជនភៀសសឹកគឺមានចែងក្នុងចំណុច៤ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរ កម្ពុជា-ថៃ អនុញ្ញាតឱ្យជនស៊ីវិលនៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសំបែង និងប្រកបជីវភាពរស់នៅជាធម្មតារបស់ពួកគេឡើងវិញ ក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់ដែលខ្លួន រស់នៅរៀងៗខ្លួន។ តែទោះជាយ៉ាងនេះក៏ដោយក៏មានជនភៀសសឹកជាច្រើនមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបាននៅឡើយទេ ដោយសារតែការបន្តរក្សាវត្តមានយោធាថៃ ព្រមទាំងសកម្មភាពដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលធ្វើឱ្យប៉ះពាល់ដល់ការវិលត្រឡប់របស់បងប្អូនជនភៀសសឹកចូលទៅក្នុងតំបន់ទាំងនោះវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន