អ្នកនាំពាក្យក្រសួងការងារ អំពាវនាវដល់កម្មករ-និយោជិតទាំងអស់អាចទាក់ទងទៅលេខ ១២៨៦ ក្នុងករណីមានបញ្ហា ដើម្បីឱ្យក្រសួងអន្តរាគមន៍បានលឿនរហ័សជូនបងប្អូន
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ នេះ តាមការបង្ហោះលើផេកផ្លូវការរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា លោក ស៊ុន មេសា អំពាវនាវដល់កម្មករ-និយោជិតទាំងអស់ទាក់ទងទៅកាន់លេខ ១២៨៦ ក្នុងករណីមានបញ្ហាណាមួយ ដើម្បីឱ្យក្រសួងអន្តរាគមន៍បានលឿនរហ័សជូនបងប្អូន។

លោក ស៊ុន មេសា បន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនបងប្អូនកម្មករ-និយោជិតទាំងអស់ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនទាក់ទងមកលេខ ១២៨៦ ដែលជាលេខ Hotline របស់ក្រសួង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ នេះថា «នៅពេលបងប្អូនកម្មករ-និយោជិត មានបញ្ហាទាក់ទងនឹងលក្ខខណ្ឌការងារ ច្បាប់ការងារ ការរំលោភសិទ្ធិ ឬការជេរប្រមាថណាមួយនោះ សូមបងប្អូនទាក់ទងមកក្រសួងការងារ តាមរយៈលេខ Hotline ១២៨៦ ដែលធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍»។
លោកបានបន្តថា នៅពេលទទួលបានព័ត៌មាន ឬសំណើពីបងប្អូនកម្មករ-និយោជិតភ្លាម ក្រសួងការងារ នឹងចាត់មន្ត្រីជំនាញចុះទៅអន្តរាគមន៍សម្របសម្រួលដោះស្រាយជូនដោយលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន។ ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានអំពាវនាវដល់បងប្អូនកម្មករ-និយោជិតទាំងអស់ សូមចៀសវាងនូវការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ នៅខណៈដែលមិនទាន់បានទាក់ទងមកក្រសួងការងារ ដើម្បីឱ្យជួយដោះស្រាយជូននៅឡើយ។
អ្នកនាំពាក្យដដែល ក៏បានលើកឡើងថា សូមបងប្អូនជឿទុកចិត្តមកលើយន្ដការសម្របសម្រួលដោះស្រាយរបស់ក្រសួងការងារ ហើយប្រគល់បញ្ហារបស់បងប្អូនឱ្យមន្ត្រីជំនាញដោះស្រាយជូន ដោយលោកថា សំណូមពរ និងបញ្ហារបស់កម្មករ-និយោជិត គឺក្រសួងការងារតែងតែយកចិត្តទុកដាក់ដោះស្រាយ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព៕



ប្រភព៖ ស៊ុន មេសា – Sun Mesa