សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង)
(រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱយដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង)។

ចំពោះ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង)
នេះដែរ មានតួនាទី និង ភារកិច្ចក្នុងការសិក្សា និង លើកយោបល់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និង សម្រេចលើការងារ ដូចខាងក្រោម៖
– ការរៀបចំផែនការមេ ដើម្បីគ្រប់គ្រង និង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ឱ្យមាន ប្រសិទ្ធភាព និង សក្តានុពលខ្ពស់សម្រាប់បម្រើប្រយោជន៍សាធារណៈ;
– ការកំណត់ប្រភពហិរញ្ញប្បទាន និង យន្តការវិនិយោគដែលមានការចូលរួមពីវិស័យឯកជន ដើម្បីធានា និរន្តរភាពនៃការគ្រប់គ្រង និង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់);
– ការរៀបចំយន្តការដើម្បីគ្រប់គ្រង និង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់); និងបំពេញភារកិច្ចពាក់ព័ន្ធផ្សេងទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានបង្កើតនៅក្នុងឆ្នាំ ១៩២៤ អំឡុងពេលសម័យអាណាព្យាបាលបារាំង ហើយត្រូវបានប្តូរឈ្មោះទៅជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០០៣៕



ប្រភព៖ ឯកសារមន្ត្រីសាធារណៈ