កម្ពុជា អាចទទួលរងឥទ្ធិពលតិចតួចពីព្យុះ “ណូកាន” ដែលធ្វើឱ្យតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់
(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសតំបន់មាត់សមុទ្រ នឹងទទួលរងឥទ្ធិពលតិចតួចពីព្យុះទី១ ឈ្មោះ “ណូកាន” (Nokaen) T2601 អាចមានមានភ្លៀង ធ្លាក់ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ឃើញថា សម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច បានវិវត្តទៅជាព្យុះទី១ឈ្មោះ ណូកាន (Nokaen) T2601។
ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា ចំពោះគន្លងផ្លូវដើររបស់ព្យុះ ណូកាន នេះ ស្ថិតនៅ ក្បែរប្រទេសហ្វីលីពីន និងមិនប៉ះពាល់ដល់ប្រទេសកម្ពុជានោះទេ វាគ្រាន់តែមានឥទ្ធិពលលើរបបខ្យល់មូសុង ឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦។
សម្រាប់តំបន់វាលទំនាប ខេត្តកំពង់ចាម ព្រៃវែង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។ ចំណែកខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ស្វាយរៀង និងខេត្តត្បូងឃ្មុំ ពុំមានភ្លៀងធ្លាក់ទេ។
ដោយឡែកតំបន់ខ្ពង់រាប ខេត្តប៉ៃលិន និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក ពុំមាន ភ្លៀងធ្លាក់ទេ។
ចុងក្រោយតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២០ម៉ែត្រ។
ក្នុងនោះផងដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាបឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និង វិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

ប្រពភ៖ ក្រសួងធនធានទឹក និងឧតុនិយម