ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក លើកទី២ រយៈពេល ៣ថ្ងៃ នាដើមខែកុម្ភៈខាងមុខនេះ

    BY soknita January 16, 2026
    ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក លើកទី២ រយៈពេល ៣ថ្ងៃ នាដើមខែកុម្ភៈខាងមុខនេះ

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ោ​យដឹងថា ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក លើកទី២ រយៈពេល ៣ថ្ងៃ នាដើមខែកុម្ភៈខាងមុខនេ ដែលអាចនឹងរៀបចំធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់។

    ដោយកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក លើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ។

    ចំពោះលការរៀបចំ រដ្ឋបាលខេត្តសៀមរាប បានបន្ថែមថា នឹងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដែលមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តសរុបម្រមាណ ៥២នាក់ចូលរួមផងដែរ។លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាចំណែកមួយរបស់សាធារណជនទូទៅ ក្នុងការចូលរួមថែរក្សានូវសម្បត្តិវប្បធម៌ អរិយធម៌ខ្មែរយើង និងជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី និងកេរមរតកដូនតាខ្មែរឱ្យយុវជនជំនាន់ក្រោយបានស្គាល់ យល់ដឹង និងចូលរួមថែរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកនូវឯកសារបេតិកភណ្ឌវប្បធម៌នេះ ឱ្យបានស្ថិតស្ថេរគង់វង្ស។

    លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះដែរ ក៏នឹងផ្សព្វផ្សាយដល់ភ្ញៀវទេសចរបានស្គាល់ពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាលផងដែរ។ ក្នុងន័យនេះ សូមស្នើដល់មន្ទីរអង្គភាពក្នុងខេត្ត សហការជាមួយអ្នកពាក់ព័ន្ធឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍មួយនេះ មានសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យល្អ ដំណើរការបានទៅដោយរលូន និងទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅ។សូមជម្រាបថា ពិធីបុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ឆ្នាំ២០២៦ នេះ ក្រៅពីមានការប្រកួតបង្ហោះខ្លែង ក៏មានការសម្ដែងសិល្បៈ ល្ខោនបាសាក់ និងការតាំងពិពណ៌បង្ហាញពីរបៀបធ្វើខ្លែងឯកថែមទៀតផងដែរ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post: