ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យយុវជនខ្មែរ បន្តលើកស្ទួយអក្សរសាស្ត្រជាតិឱ្យបានខ្ជាប់ខ្ជួន និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យយុវជនខ្មែរ បន្តលើកស្ទួយអក្សរសាស្ត្រជាតិឱ្យបានខ្ជាប់ខ្ជួន និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ។

ដោយថ្លែងក្នុងព្រឹត្តិការណ៍ “សំណេរអង្គរ” លើកទី៣ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការរួមចំណែកមិនអាចកាត់ថ្លៃបានក្នុងការការពារអក្សរសាស្ត្រខ្មែរមិនឱ្យបាត់បង់ និងលើកទឹកចិត្តឱ្យយុវជនខ្មែរបន្តស្រឡាញ់ និងលើកស្ទួយអក្សរសាស្ត្រជាតិឱ្យបានខ្ជាប់ខ្ជួន ផ្សព្វផ្សាយបន្ថែមនូវតម្លៃរមណីយដ្ឋានអង្គរ និងវប្បធម៌ខ្មែរតាមរយៈការសរសេរ ជាពិសេសត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ ដើម្បីកសាងមោទនភាពជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជំរុញឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានអង្គរ ក៏ដូចជាការផ្សារភ្ជាប់ទៅនឹងវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រធានបទនៃសំណេរដែលបានដកស្រង់ចេញពីចំណេះដឹងវប្បធម៌ និងប្រវត្តិសាស្ត្រហើយឯកឧត្តមបានកោតសរសើរថាវាជួយឱ្យអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃប្រាសាទបុរាណអត្តសញ្ញាណជាតិ និងមោទនភាពជាតិផងដែរ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការពង្រឹងការអាន និងការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាគ្រឹះដ៏សំខាន់សម្រាប់ជោគជ័យក្នុងការសិក្សា។ ក្នុងន័យនេះ ក្រសួងអប់រំបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកញ្ចប់សម្ភារអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុតមួយសម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។
ឯកឧត្តម បណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ “សំណេរអង្គរ” នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រឡាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តមតែងតែលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងសាធារណជន “អានឱ្យបានច្រើន សរសេរឱ្យបានច្រើន” ដើម្បីរក្សាភាពត្រឹមត្រូវនៃភាសាជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។
សូមជម្រាបថា ព្រឹត្តិការណ៍ “សំណេរអង្គរ” លើកទី៣ មានចូលរួមចំនួន ១ ៨៦០អង្គ/នាក់ ដែលមានអាយុតិចជាងគេ ៥ឆ្នាំ និងចាស់ជាងគេអាយុ ៨២ឆ្នាំ ដោយគណៈកម្មការ និងអ្នករៀបចំកម្មវិធីបាននិមន្ដ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដើម្បីអានអត្ថបទសំណេរ៕






ប្រភព៖ ក្រសួងព័ត៌មាន