ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន

    BY soknita January 19, 2026
    ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន

    (ខេត្តកំពង់ចាម)៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ​យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ បានលែងត្រីរាជ១ក្បាល ទម្ងន់ ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ វិញ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន ដោយប្រើ ប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

    បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមករ ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទឈ្មោះ ឆាយ សេងឃុន ដែលនេសាទបាន ត្រីរាជ ទម្ងន់ប្រហែល ៧០គីឡូក្រាមជាង ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

    បន្ទាប់មកខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនងផ្តល់ព័ត៌មានជូនវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងមានវិធានការបន្ត ក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលបានកំណត់ទិន្នន័យដូចខាងក្រោម៖

    ត្រីរាជ ភេទ ញី ប្រវែង ១៨៧ សង់ទីម៉ែត្រ ទម្ងន់សរុប ៧៨ គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ៣១៦ ។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារមានអាជ្ញាធរស្រុកកងមាស មន្ត្រីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងប្រជានេសាទ បានលែងត្រីរាជនេាះ ចូលក្នុងទន្លេមេគង្គវិញ។

    ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីលែងចូលទន្លេវិញ ក្នុងគោល បំណងអភិរក្សប្រភេទត្រីកម្រទាំងនេះឱ្យបានគង់វង្ស តទៅ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: