អង្គការសកម្មភាពកំចាត់មីនជប៉ុនប្រចាំកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនរយៈពេល ៩ឆ្នាំ នៃការដោះមីឥនក្នុងខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា អង្គការសកម្មភាពកំចាត់មីនជប៉ុនប្រចាំកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនរយៈពេល ៩ឆ្នាំ នៃការដោះមីឥនក្នុងខេត្តបន្ទាយមានជ័យ។

អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា លោក URANO Shigeyuki ចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រោយបញ្ចប់បេសកកម្ម រយៈពេល ៩ឆ្នាំនៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ។ ការចូលជួបសម្តែងការគួរសម ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អង្គភាព CMAC ខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ឯកឧត្ដម អ៊ុ រាត្រី ក៏បានថ្លែងអំណរគុណដល់អង្គការសកម្មភាព កំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលបានចូលរួមសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប្រមាណ៩ឆ្នាំ ដោះមីនបានសម្រេច លទ្ធផលត្រចេះត្រចង់។
ឯកឧត្ដម បញ្ជាក់ថា ក្រោយពេលមានការប៉ះទង្គិចគ្នារវាង យោធាថៃ ឈ្លានពានប្រទេសកម្ពុជា រយៈពេល ២១ថ្ងៃកន្លងទៅ កាលពីខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តបន្ទាយមានជ័យ បានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះជាច្រើនរាប់ម៉ឺនគ្រាប់នៅតាមភូមិឋានពលរដ្ឋកម្ពុជា នៅតាមបន្ទាត់ព្រំដែន បន្ទាប់ពីយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់ វាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ឯកឧត្ដម មានជឿជាក់និងសង្ឃឹមថា អង្គការសកម្មភាព កំចាត់មីនជប៉ុន (JMAS) និងបន្តសកម្មភាពនៅក្នុងប្រទេសកម្ពុជាបន្តទៀត ហើយក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបន្តសហការជានិច្ច។
លោក URANO Shigeyuki បានសម្តែងនូវការសោកស្តោយចំពោះប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារការឈ្លានពានពីប្រទេសថៃមកលើកម្ពុជា ដែលបានធ្វើឱ្យពលរដ្ឋស្លូតត្រង់បានស្លាប់និងរងបួស ព្រមទាំងវរៈកងទ័ពកម្ពុជា បានពលីនៅក្នុងសមរភូមិ ក្នុងជម្លោះទាំង២លើក កាលពីឆ្នាំ២០២៥កន្លងទៅ ។ លោកបន្តថា អ្វីដែលជាការលើកឡើងរបស់ ឯកឧត្តម អ៊ុ រាត្រី ចង់ឱ្យបានកិច្ចសហការ ដោះមីនបន្តនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ លោកនឹងយកសំណើររបស់រដ្ឋបាលខេត្ត ដើម្បីជម្រាបរដ្ឋាភិបាលជប៉ុន។
សូមបញ្ជាក់ថា អង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS សហការជាមួយអង្គភាព CMAC បានចាប់ផ្តើមកិច្ចប្រតិបត្តិការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៧ និងគ្រោងបញ្ចប់បេសកកម្មបោសសម្អាត មីននៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នាពេលខាងមុខនេះ ។ ក្នុងរយៈពេល៩ឆ្នាំនៃកិច្ចប្រតិបត្តិការដោះមីន របស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្ត បន្ទាយមានជ័យ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ពិតជាទទួលបាននូវការស្វាគមន៍ គាំទ្រយ៉ាងកក់ក្តៅ និងការចូលរួមសហការបានយ៉ាងល្អពីអាជ្ញាធរគ្រប់លំដាក់ថ្នាក់រហូតទទួលជោគជ័យ៕


