ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនួយរបស់ភាគីចិន ធ្វើឱ្យមន្ទីរពេទ្យព្រះកេតុមាលា មានការរីកចម្រើនឥតឈប់ឈរ

    BY soknita January 20, 2026
    ជំនួយរបស់ភាគីចិន ធ្វើឱ្យមន្ទីរពេទ្យព្រះកេតុមាលា មានការរីកចម្រើនឥតឈប់ឈរ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ នេហ បានឱ្យដឹងថា ឯកឧត្តមឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលាបានឱ្យដឹងថា ក្រុមគ្រូពេទ្យចិនបានរួមចំណែកដ៏សំខាន់សម្រាប់ការលើកកម្ពស់កម្រិត សុខាភិបាលនិងការអភិវឌ្ឍន៍ជាចីរភាពរបស់មន្ទីរពេទ្យព្រះកេតុមាលា ដោយទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យ និងប្រជាជន។

    ជំនួយរបស់ភាគីចិន ធ្វើឱ្យមន្ទីរពេទ្យព្រះកេតុមាលា មានការរីកចម្រើនឥតឈប់ឈរ

    ក្នុងពិធីបំពាក់មេដាយសហមេត្រីថ្នាក់ អស្សឫទ្ធិ និងប័ណ្ណសរសើរជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនកាលពីព្រឹកថ្ងៃទី១៩ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ បញ្ជាក់ថា ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៧មក ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូន វេជ្ជបណ្ឌិតឯកទេស វិស្វករ ជាបន្តបន្ទាប់ ឲ្យមកជួយបង្ហាត់បង្រៀន សហការជាមួយក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យព្រះកេតុមាលា ។

    ឯកឧត្តមបន្តថា ក្រោមការ បង្ហាត់បង្រៀន ព្យាបាល ស្រាវជ្រាវ និង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឲ្យមន្ទីរពេទ្យព្រះកេតុមាលាមាន ភាពរីកចម្រើនជាទីមោទនៈ ក្នុងការជួយលើកកម្ពស់ សុខុមាលភាព កងទ័ពនិងប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរមួយកម្រិតទៀត។

    លោកវរសេនីយឯកពិសេស សឹង តាជឺ អនុព័ន្ធយោធាចិនប្រចាំកម្ពុជាបានថ្លែងថា អស់រយៈពេល ២០ ឆ្នាំមកហើយ យោធាចិន និងកម្ពុជា បានចែករំលែកបទពិសោធន៍ និងពង្រឹងមិត្តភាព តាមរយៈមន្ទីរពេទ្យមន្ទីរពេទ្យព្រះកេតុមាលាដើម្បីបម្រើដល់ការងារមនុស្សធម៌នៅកម្ពុជា។ 

    គួររម្លឹកថាផងដែរ ភាគីចិនបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការសាងសង់អគារព្យាបាលថ្មីៗ ដូចជាអគារមិត្តភាពកម្ពុជា-ចិន និងបំពាក់នូវឧបករណ៍       វេជ្ជសាស្ត្រទំនើបៗ ដែលធ្វើឱ្យមន្ទីរពេទ្យព្រះកេតុមាលា ប្រែមុខមាត់ថ្មី និងមានសមត្ថភាពខ្ពស់ក្នុងការសង្គ្រោះ និងព្យាបាលជំងឺ។

    ការជួយនេះធ្វើឡើងតាមរយៈការបញ្ជូនក្រុមគ្រូពេទ្យជំនាញៗពីកងទ័ពរំដោះប្រជាជនចិន មកបំពេញបេសកកម្មនៅមន្ទីរពេទ្យព្រះកេតុមាលា គ្រូពេទ្យកម្ពុជាទទួលបាន ការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍លើបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ ដែលមិនធ្លាប់មានពីមុនមក។

    ជំនួយទាំងនេះបានធ្វើឱ្យគុណភាពនៃការពិនិត្យ និងព្យាបាលជំងឺមានការកើនឡើងគួរឱ្យកត់សម្គាល់។ មន្ទីរពេទ្យមិនត្រឹមតែបម្រើសេវាជូនដល់កងទ័ព និងគ្រួសារទ័ព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាទីបង្អែកដ៏ទុកចិត្តសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការមកទទួលសេវាសុខាភិបាល។

    ការរីកចម្រើនឥតឈប់ឈររបស់មន្ទីរពេទ្យព្រះកេតុមាលា គឺជាសក្ខីភាពមួយយ៉ាងច្បាស់ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព “ដែកថែប” និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកងទ័ព និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងគោលដៅរួមគឺលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។សូមបញ្ជាក់ថា ជំនួយរបស់ភាគីចិនមិនមែន គ្រាន់តែជាការផ្តល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងសមត្ថភាពជារួម ដើម្បីធ្វើឱ្យមន្ទីរពេទ្យព្រះកេតុមាលាក្លាយជាមន្ទីរពេទ្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា៕

    ជំនួយរបស់ភាគីចិន ធ្វើឱ្យមន្ទីរពេទ្យព្រះកេតុមាលា មានការរីកចម្រើនឥតឈប់ឈរ

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: