ក្នុងឆ្នាំ ២០២៦ នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងសហការលើវិស័យអាទិភាពចំនួន៥
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៦ នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងសហការលើវិស័យអាទិភាពចំនួន៥។
.j.jpg)
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានលើកឡើងថា សម្រាប់ឆ្នាំ២០២៦នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងសហការលើវិស័យអាទិភាពចំនួន ៥ រួមមាន៖
១) ការអនុវត្តអនុសាសន៍នៃរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)។
២) ការបង្កើនការយល់ដឹងអំពីស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI)។
៣) ការបន្តផ្តល់សម្ភារៈនិងឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។
៤) ការកសាងសមត្ថភាពមន្រ្តីរាជការ។
៥) ការបន្តកិច្ចពិភាក្សាលើករណីផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបែបនេះក្នុងឱកាសទទួលជួប និងពិភាក្សាការងារជាមួយ លោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងសហការី នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦។
កិច្ចជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានមានប្រសាសន៍ថា ជំនួបពិភាក្សានេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ ២០២៥ ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ ២០២៦។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា គ.ស.ម.ក. បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ដោយបានយកទូរកុងតឺន័រ និងបន្លាលួសមកដាក់រារាំងប្រជាជនកម្ពុជាមិនអាចត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍ដើមរបស់ពួកគេវិញ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើ OHCHR ជួយពិនិត្យ និងតាមដានស្ថានភាពនេះ ដោយប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិ ធ្វើការចូលរួមជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានចាត់ទុកថា សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារ ជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការសាទរចំពោះសមិទ្ធផល ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំកន្លងមក ជាពិសេស ពាក់ព័ន្ធនឹងការផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ អនុសាសន៍ និងរបាយការណ៍សិទ្ធិមនុស្ស ព្រមទាំងកម្មវិធីបណ្ដុះបណ្ដាលកសាងមត្ថភាពមន្រ្តីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក. ជាដើម។
លោក Benjamin Moreau ក៏បានសម្តែងនូវការពេញចិត្តចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយនឹងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ជាមួយគ្នានេះដែរ ភាគីទាំងពីបានសម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងកាន់តែរឹងមាំ ដែលនឹងនាំមកនូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន