ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ ចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ

    BY soknita January 22, 2026
    ក្រសួងវប្បធម៌ ចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ  និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍មួយ បានឱ្យដឹងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ។

    ក្នុងសេចក្ដីថ្លែការរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ស្របតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦ ពី ការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តប្រកាសតវ៉ាប្រឆាំង នឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនានាជិតប្រាសាទ។

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជាថ្មីថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាយ ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាសកម្មភាពឈ្លានពាននេះគឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបានច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។

    គួរបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧៕

    ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

    Share This Post: