ពិធីបុណ្យ មាឃបូជា ឆ្នាំនេះ រាជរដ្ឋាភិបាល នឹងរៀបចំ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ហៅ វត្តឧត្តុង្គ
(ខេត្តកណ្តាល)៖ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួងធម្មការនិងសាសនា បានចេញសេចក្ដីជូនដំណឹងថា ចំពោះពិធីបុណ្យ មាឃបូជា ឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាល នឹងរៀបចំ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ហៅវត្តឧត្តុង្គ។

ក្រសួងធម្មការនិងសាសនា បានបន្ថែមថា រាជរដ្ឋាភិបាលបានចាត់ចែងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួម បំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃចន្ទ ១៥កើត និងថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធឡើងដើម្បីរំលឹកដល់ហេតុការណ៍ សំខាន់ៗ ៣យ៉ាងគឺ៖
១. ជាថ្ងៃចតុរង្គសន្និបាត ជាការជួបប្រជុំប្រកបដោយអង្គ៤ គឺ៖
– ព្រះភិក្ខុសង្ឃ ១ ២៥០ អង្គ និមន្តមកជួបជុំគ្នាដោយមិនបានណាត់គ្នាជាមុន
– ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ (ឯហិភិក្ខុឧបសម្បទា)
– ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦
– ជាថ្ងៃព្រះចន្ទសោយមាឃឫក្ស ពោលគឺ ព្រះចន្ទគោចរមកដល់ផ្កាយឫក្សឈ្មោះ មាឃ ត្រូវនឹងថ្ងៃ ១៥កើត ពេញបូណ៌មី ខែមាឃ។
២.ជាថ្ងៃទ្រង់សម្តែងនូវឱវាទព្រះបាតិមោក្ខ។
៣. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសកំណត់ដាក់ព្រះជន្មាយុសង្ខារ។
ដើម្បីឱ្យពិធីបុណ្យ មាឃបូជា ឆ្នាំនេះ មានភាពអធិកអធម ក្រសួងធម្មការនិងសាសនា សូមធ្វើការ ណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ដូចខាងក្រោម៖

Screenshot

ប្រភព៖ ក្រសួងធម្មការនិងសាសនា