ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាផ្តល់ការគាំទ្រពេញទំហឹងក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT)
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជាផ្តល់ការគាំទ្រពេញទំហឹងក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តសេចក្តីប្រកាសរួម ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ឱ្យមានប្រសិទ្ធភាព។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបែបនេះក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ចាប់តាំងពីការឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ ដោយបានគាំទ្រ និងសហការយ៉ាងល្អជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានានូវតម្លាភាព តាមរយៈការផ្ទៀងផ្ទាត់នូវការវាយតម្លៃលើផលប៉ះពាល់ ដែលកើតឡើងដោយការវាយប្រហារប្រដាប់អាវុធយោធាថៃបំពានមកលើដែនអធិប តេយ្យភាពរបស់កម្ពុជា។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្ត្រស្រុកសំពៅលូន និងស្រុភ្នំព្រឹកក្នុងខេត្តបាត់ដំបងក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់។
ឯកឧត្តម ប៉ែន បូណា បានបន្តថា ក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅឋានរបស់ប្រជាពលរដ្ឋ មន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូ ឆ្នាំ ២០២៥ ដោយចាប់ពីដើមខែមករា ឆ្នាំ២០២៦ មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) តាមរយៈការសម្របសម្រួលពីក្រុមសម្របសម្រួលនៃព្រះរា ជាណាចក្រកម្ពុជាបានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ជាបន្តបន្ទាប់អំពីស្ថានភាពនៅតាមបណ្តាទីតាំងនៃបណ្តាខេត្តជាប់ព្រំដែនជាច្រើនក្នុងនោះដូចជា ខេត្តពោធិ៍សាត់នៅតំបន់អូរភ្លុកដំរី ច្រកជ័យជម្នះ មណ្ឌលសុខភាព ហ៊ុន សែន ថ្មដារ ខេត្តឧត្តរមានជ័យនៅស្ពានអូរជីក តំបន់ច្រកទ្វារព្រំដែនអន្តរជាតិជាំ និងតំប់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តបន្ទាយមានជ័យនៅតំបន់ភូមិព្រៃចាន់ ភូមិជោគជ័យ តំបន់ច្រកបឹងត្រកួន និងចុះទៅសង្កេតការណ៍សួរទុក្ខបងប្អូនជនភៀសសឹកនៅជំរំជនភៀសសឹកកណ្តោល ស្ថិតនៅក្នុងស្រុកថ្មពួកផងដែរ។ ដោយឡែកខេត្តព្រះវិហារ អ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅពិនិត្យភូមិកររបស់ប្រជាពលរដ្ឋក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត និងតំបន់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន