រុស្សី នឹងបើកជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិន
(រាជធានីភ្នំបេញ)៖ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសរុស្សី នឹងមានវត្តមានជើងហោះហើរត្រង់កាន់មកប្រទេសកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិនរបស់ប្រទេសមួយនេះ ព្រមទាំងបណ្តាសហគមន៍ផ្សេងទៀត ដែលនិយាយភាសារុស្សីឱ្យមកកាន់ប្រទេសកម្ពុជាបន្ថែម។

ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House រួមទាំងដៃគូវិនិយោគក្នុងស្រុកគឺក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី ខែក ខេមរ៉ាត់ ជាអគ្គនាយិកា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ីព្រមទាំងពីសហគមន៍និយាយភាសារុស្សីមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ អ្នកវិនិយោគិនរុស្សី និងកម្ពុជាទាំងពីររូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតដល់ក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីសកម្មភាពរបស់ក្រុមហ៊ុនកន្លងមកលើការផ្តល់សេវាយន្តហោះឯកជន (Private Jet) ដល់អតិថិជនចម្រុះជាតិសាសន៍ពិសេសគឺអតិថិជនពីប្រទេសរុស្សី និងសហគមន៍និយាយភាសារុស្សីដែលមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំដែលស្រលាញ់ប្រទេសកម្ពុជា ដែលមានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនទំាងពីរបានរៀបចំជាយុទ្ធសាស្រ្តថ្មីៗ បន្ថែមទៀត ជាពិសេសលើលទ្ធភាបបង្កើតជើងហោះហើរត្រង់ពីរុស្សីមករាជធានីភ្នំពេញ ឬ គោលដៅទេសចរណ៍របស់កម្ពុជា និងស្នើសុំការផ្តល់អនុសាសន៍ និងការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ។
ទន្ទឹមនឹងនេះដែរ ក្រុមវិនិយោគិនអន្តរជាតិ បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីពីដំណឹងដ៏វិជ្ជមានថាប្រទេសជាសមាជិក BRICS ដែលជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក នឹងបើក Boxing House នៅកម្ពុជា ដែលពិតជាបង្កើនលំហូរវិនិយោគដោយផ្ទាល់ចូលទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោក Vladimir Palancica ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិខ្នាតធំ ដែលគ្រោងរៀបចំនៅទីក្រុងម៉ូស្គូ នាពេលខាងមុខផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងនាំមកនូវលទ្ធផលគួរជាទីមោទនៈរបស់ក្រុមហ៊ុនដល់វិស័យទេសចរណ៍កម្ពុជាកន្លងមក និងគំនិតផ្តួចផ្តើមដ៏ល្អ និងមានតម្លៃបន្ថែមទៀតនាពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនក្រុមហ៊ុនពីការចូលរួមរបស់ក្រសួងទេសចរណ៍ក្នុងពិព័រណ៍ Moscow International Travel and Tourism Exhibition (MITT) នាពាក់កណ្តាលខែមីនា ឆ្នាំ ២០២៦ ខាងមុខ។ ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ ឯកឧត្តមរដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែមលើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាពដែលពិតជាបង្កើនលំហូរភ្ញៀវទេសចរ និងវិនិយោគិនរុស្ស៊ី និងពីបណ្តាសហគមន៍និយាយភាសារុស្សីមកកាន់កម្ពុជា៕





ប្រភព៖ ក្រសួងទេសចរណ៍