ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ នឹងចាត់វិធានការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ

    BY soknita January 25, 2026
    ក្រសួងការងារ នឹងចាត់វិធានការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នឹងចាត់វិធានការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ។

    ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ទាំងអស់ឱ្យបានជ្រាបថា ក្រសួងនឹងចាត់វិធានការផាកពិន័យចំពោះម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃត្រូវតែផ្តល់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ ពាក្យធ្វើការ។ ការទាមទារនេះ ជាការអនុវត្តផ្ទុយនឹងខ្លឹមសារនៃសេចក្តីជូនដំណឹងលេខ០២៦/២៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៥ ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុង ក.ប/ស.ជ.ណ.ខ.ល ការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយត្រូវចាត់ទុកជាការបំពានលើ ចំណាត់ការរបស់អធិការការងារដោយប្រឈមនឹងការផាកពិន័យជាប្រាក់ស្របតាមច្បាប់ស្តីពីការងារ។

    ក្រសួងសូមបញ្ជាក់ថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចប្រើប្រាស់សំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ TD) ឬ ប័ណ្ណព្រំដែនកម្ពុជា-ថៃ ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្នើសុំធ្វើ សៀវភៅការងារកម្មករនិយោជិតខ្មែរ និងការចុះបញ្ជី ប.ស.ស. សម្រាប់បងប្អូនពលករខ្មែរដែលត្រឡប់មកពីថៃ។ ក្នុងករណី សាធារណជនបានដឹងអំពីការដាក់លក្ខខណ្ឌតម្រូវឱ្យយកតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុង ការដាក់ពាក្យធ្វើការចំពោះបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ សូមប្តឹងមកអធិការការងារតាមរយៈប្រព័ន្ធទាន់ ហេតុការណ៍លេខ ១២៨៦” ឬ “១២៩៧” ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង https://feedback.mlvt.gov.kh/ feedback ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន។

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់អនុវត្តបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post: