ខ្មែរណូត

ស្វែងរក

  • PR

    ឯកឧត្តម ប៉ែន បូណា៖ អាជ្ញាធរកម្ពុជាមិននៅស្ងៀមឡើយចំពោះសកម្មភាពបំផ្លិចបំផ្លាញរបស់យោធាថៃទៅលើប្រាសាទបុរាណ និងទីតាំងគោរពសក្ការៈតាមជំនឿសាសនានៅកម្ពុជា

    BY soknita January 26, 2026
    ឯកឧត្តម ប៉ែន បូណា៖ អាជ្ញាធរកម្ពុជាមិននៅស្ងៀមឡើយចំពោះសកម្មភាពបំផ្លិចបំផ្លាញរបស់យោធាថៃទៅលើប្រាសាទបុរាណ និងទីតាំងគោរពសក្ការៈតាមជំនឿសាសនានៅកម្ពុជា

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរកម្ពុជាមិននៅស្ងៀមឡើយចំពោះសកម្មភាពបំផ្លិចបំផ្លាញរបស់យោធាថៃទៅលើប្រាសាទបុរាណ និងទីតាំងគោរពសក្ការៈតាមជំនឿសាសនានៅកម្ពុជា។ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាគឺមិននៅស្ងៀមឡើយចំពោះសកម្មភាពបំផ្លិចបំផ្លាញរបស់យោធាថៃទៅលើប្រាសាទបុរាណ និងទីតាំងគោរពសក្ការៈតាមជំនឿសាសនា ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

    ជាក់ស្តែងក្រសួងធម្មការ និងសាសនាកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសពីការតវ៉ាយ៉ាងដាច់ខាតប្រឆាំងទៅនឹងសកម្មភាពយោធាថៃ ដែលបានកសាងព្រះពុទ្ធបដិមា ហើយយកទៅតម្កល់នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានពួកគេបំផ្លិចបំផ្លាញនៅក្នុងតំបន់អានសេះ នៃខេត្តព្រះវិហារ។ ការលើកឡើងរបស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបែបនេះក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ក្រសួងធម្មការ និងសាសនារបស់កម្ពុជាបានចាត់ទុកសកម្មភាពនេះថាជាការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលវាផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលបានហាមឃាត់ការចូលកាន់កាប់ទឹកដីដោយការប្រើប្រាស់កម្លាំង ហើយក៏ថែមទាំងផ្ទុយស្រឡះពីការប្តេជ្ញាចិត្តរបស់ភាគីថៃ ដែលបានអះអាងថាចង់ដោះស្រាយវិវាទដោយសន្តិវិធីនៅក្រោយកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រួមនឹងសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលខ្លួនបានឯកភាពគ្នា។ ក្រសួងធម្មការ និងសាសនាបានទាមទារឱ្យភាគីថៃគោរពនូវច្បាប់ រួមនឹងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ខណៈដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឯណោះវិញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ ក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលបានប្រកាសតវ៉ាទៅនឹងសកម្មភាពរបស់យោធាថៃមកលើប្រាង្គប្រាសាទតាក្របី និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅជិតប្រាសាទ ដោយបានចាត់ទុកថានេះគឺជាសកម្មភាពរំលោភបំពានទាំងស្រុងទៅលើគោលការណ៍ជាមូលដ្ឋាន និងដែលមិនអាចបដិសេធបាននូវច្បាប់អន្តរជាតិដែលហាមឃាត់ការកាន់កាប់ទឹកដីដោយការប្រើប្រាស់កម្លាំង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: