ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ជំរុញឱ្យកម្ពុជា-ឡាវ បន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្មបន្ថែម

    BY soknita January 26, 2026
    សម្តេចតេជោ ជំរុញឱ្យកម្ពុជា-ឡាវ បន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្មបន្ថែម

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យថ្នាក់ដឹកនាំកម្ពុជា-ឡាវបន្តពង្រឹងពង្រីកនូវទំហំពាណិជ្ជកម្មជាមួយគ្នាបន្ថែមទៀត ដើម្បីសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។

    ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជាបានឱ្យដឹង ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ ថា សម្តេចតេជោបានបង្ហាញពីការរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឡាវ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា។

    ឯកឧត្តមបញ្ជាក់ថា សំឡេង “សម្តេចតេជោបានជំរុញបន្តបន្ថែមទៀតឱ្យឡាវ-កម្ពុជា បន្តនូវកិច្ចខិតខំប្រឹងប្រែងពង្រីកនៅក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ជាពិសេសសេដ្ឋកិច្ចតែម្តង ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរនៃទំនាក់ទំនងនយោបាយ” ។

    ឯកឧត្តមបន្តថា តាមន័យនេះ ទាំងនយោបាយនិងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា ព្រោះនៅពេលដែលសេដ្ឋកិច្ចនិងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម មានការកើនឡើងហើយ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀតទាំងពេលបច្ចុប្បន្ននិងអនាគត ។

    សូមបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងរវាងកម្ពុជានិងឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ និងបានឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។  ទំនាក់ទំនងដ៏ ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិផងរបង ជាប់គ្នានេះទេ ប៉ុន្តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ ពហុនិយមដល់តំបន់និងសកលលោកថែមទៀតផង៕

    សម្តេចតេជោ ជំរុញឱ្យកម្ពុជា-ឡាវបន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្មបន្ថែម

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: