កម្ពុជា-អាមេរិក លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក
(ខេត្តព្រះសីហនុ)៖ ណៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសអាមេរិក បានលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ ឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ និងឡើងទស្សនកិច្ចលើនាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) ដែលបានចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក ដែលប្រព្រឹត្តទៅនៅ មូលដ្ឋានសមុទ្ររាម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា សូមថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសជំរុញការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕



