ព្រឹកនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍ធំៗចំនួន ២
(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា មាននាវាទេសចរណ៍ធំៗ ចំនួណ ២ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សម្រាប់នាវាទេសចរទាំង ២ នេះដែរ ទី១ ឈ្មោះ SEABOURN ENCORE សញ្ជាតិ បាហាម៉ាស (BAHAMAS) និង ទី២ មានឈ្មោះថា NORWEGIAN SUN ក៏ជានាវាទេសចររបស់សញ្ជាតិ បាហាម៉ាស (BAHAMAS)ដូចគ្នា។

ចំពោះពេលវេលានៃការចូលចតគឺខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ដោយនៅនាវេលាម៉ោង ៧:០០ នាទី នាវាទេសចរណ៍ SEABOURN ENCORE ដែលមានប្រវែងបណ្តោយ ២១០,៥ ម៉ែត្រ ប្រវែងទទឹង ២៨,០០ ម៉ែត្រ ជម្រៅ ៦,០០ ម៉ែត្រ បានចូលចតមុន។
ដោយឡែកនាវាទេសចរណ៍ SEABOURN ENCORE មួយនេះ មានគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ ក្នុងនោះដែរ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០៩ នាក់ (ស្រី ៨៤ នាក់) មាន ៤១ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៣៨ នាក់ (ស្រី ២៦៨ នាក់) មាន ២៩ សញ្ជាតិ និងចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (២៥៩) និងអង់គ្លេស (១២៨) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។
សម្រាប់ នាវាទេសចរណ៍ NORWEGIAN SUN វិញ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៨:១០ នាទី។ ចំពោះនាវាទេសចរមួយប្រភរទនេះដែរ មានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ ម៉ែត្រ មានគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៩០២ នាក់ (ស្រី ២០៦ នាក់) មាន ៤៨ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៦៨ នាក់ (ស្រី ១,០០៥ នាក់) មាន ៤២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦២៩) និងអង់គ្លេស (៤០៤) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃដដែល៕








ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ