រថយន្តមួយគ្រឿង បុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀត នៅលើផ្លូវល្បឿនលឿនបណ្តាលឱ្យផ្ទុះឆេះ
(ខេត្តកំពង់ស្ពឺ) នៅព្រឹកថៃ្ងទី ២៨ ខែមករា ឆ្នាំ ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលមកពីរថយន្តមួយគ្រឿង បានបុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀត ដែលកំពុងបើកនៅលើផ្លូវល្បឿនលឿន បណ្ដាលឱ្យឆេះ និងអ្នកបើកបររថយន្តម្នាក់បាត់បង់ជីវិត។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីរថយន្តមួយគ្រឿងបានបុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀត ដែលកំពុងតែរត់ខាងមុខនៅលើផ្លូវល្បឿនលឿន ចំណុច (PK 93+400) ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានទទួលព័ត៌មានពីក្រុមការងារផ្លូវល្បឿនលឿន ថាមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត ដោយរថយន្ដបើកបរក្នុងទីសដៅ ពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត ម៉ាក SHACMAN ពណ៌ស-លឿង-បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7040 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 (ដឹកប្រេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយកេីតហេតុបានគេចខ្លួន) ដោយរថយន្ដទាំង ២ បើកបរក្នុងទិសដៅស្របគ្នា។
នៅកន្លែងកើតហេតុរថយន្តម៉ាក LEXUS LX570 ឆេះទាំងស្រុងនៅកន្លែង រីឯរថយន្តដឹកប្រេងមានការខូចខាតមួយផ្នែកខាងក្រោយកិច្ចអន្ដរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន បានចេញជួយ និងប្រើប្រាស់ទឹកអស់មួយរថយន្ដ បច្ចុប្បន្នវត្ថុតាងទាំង២ កំពុងចាត់ចែងយកចេញពីកន្លែងកើតហេតុមកកាន់ទីតាំងសុវត្ថិភាព៕



