ឧបនាយករដ្ឋមន្រ្តីប្រចាំការ ចាត់ទុកអូស្ត្រាលីគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងទុកចិត្តបានដោយបានផ្តល់ជំនួយជាថវិកាប្រមាណ ១,៤ ប៊ីលានដុល្លារ ដែលភាគច្រើនលើការកសាងមូលធនមនុស្ស ជូនដល់កម្ពុជា
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ចាត់ទុកថា អូស្ត្រាលីគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងទុកចិត្តបាន ដោយបានផ្តល់ជំនួយជាថវិកាប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក ឬ ២ប៊ីលាន ដុល្លារអូស្ត្រាលី ភាគច្រើនលើការកសាងមូលធនមនុស្ស ជូនដល់កម្ពុជា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៩០ មក។ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាល ក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលី ឆ្នាំ ២០២៦ នៅស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប នាល្ងាចថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក៏ដូចជាសហគមន៍អូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា ចំពោះពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ ២០២៦ នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីប្រចាំការបានលើកឡើងថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលចាប់ផ្តើមតាំងពីឆ្នាំ ១៩៥២ ដែលឆ្លុះបញ្ចាំងពីការគាំទ្រយូរអង្វែងរបស់ប្រទេសអូស្ត្រាលីចំពោះអធិបតេយ្យភាព និងដំណើរការកសាងជាតិកម្ពុជា ទោះបីជាបរិការណ៍តំបន់ និងសកលលោកមានការផ្លាស់ប្តូរក៏ដោយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ទើរគ្រប់វិស័យទាំងក្នុងវិស័យកសិកម្ម សុខាភិបាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាដើម បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្តែងប្រទេសអូស្ត្រាលីគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទំហំពាណិជ្ជកម្មប្រមាណ ៦០០លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៥ ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនេះ នឹងបន្តកើនឡើងជាលំដាប់។ ជាមួយគ្នានេះ «ផែនការភាពជាដៃគូអភិវឌ្ឍន៍អូស្ត្រាលី-កម្ពុជា ឆ្នាំ២០២៥-២០២៩» ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នារបស់ប្រទេសទាំងពីរក្នុងការបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាស្របតាមស្មារតីនៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានថ្លែងបញ្ជាក់ផងដែរថា ក្នុងក្របខ័ណ្ឌពហុភាគី កម្ពុជាស្វាគមន៍ចំពោះការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសអូស្ត្រាលីជាមួយតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែស៊ីជម្រៅ តាមរយៈ «យុទ្ធសាស្ត្រសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០»។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថាកម្ពុជាផ្ដល់តម្លៃចំពោះការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសអូស្ត្រាលីចំពោះពហុភាគីនិយម, មជ្ឈភាពអាស៊ាន និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ហើយកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអូស្ត្រាលី និងប្រទេសជាសមាជិកអាស៊ាន ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី ឱ្យកាន់តែស៊ីជម្រៅ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសថ្មីៗនេះ ចំពោះជំនួយមនុស្សធម៌របស់អូស្ត្រាលីសម្រាប់ប្រជាពលរដ្ឋភៀសសឹក។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានកោតសរសើរចំពោះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ក៏ដូចជាការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕


ប្រភព៖ ក្រសួងព័ត៌មាន