ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ គួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោយទំនាក់ទំនងរវាងប្រទេសទាំងពីររីកចម្រើនស្ទើរគ្រប់វិស័យ

    BY soknita January 29, 2026
    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ គួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោយទំនាក់ទំនងរវាងប្រទេសទាំងពីររីកចម្រើនស្ទើរគ្រប់វិស័យ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ គួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោយទំនាក់ទំនងរវាងប្រទេសទាំងពីររីកចម្រើនស្ទើរគ្រប់វិស័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា នៅឆ្នាំក្រោយខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ភាគីទាំងពីរគួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពីព្រោះថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរីកចម្រើនស្ទើរគ្រប់វិស័យទៅហើយ ដូច្នេះទំនាក់ទំនងនេះគួរតែបន្ថែមទៀតដោយលើកកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

    This image has an empty alt attribute; its file name is 622854334_1521857132629402_6867.jpg

    នេះបើយោងតាមបញ្ជាក់ពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦។

    ឯកឧត្តម អ្នកនាំពាក្យព្រឹទ្ធសភា បានបន្តថាពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ រំពឹងថា នឹងអាចដំឡើងកម្រិតពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយឯកឧត្តមផ្ទាល់នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាច្រើន ដើម្បីដំឡើងកម្រិតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

    គួរជម្រាបជូបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េ ខាងត្បូង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅពេលនេះ ជាការបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងត្បូងបានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង គឺសម្ដេចតេជោបានខិតខំប្រឹងប្រែងពូនជ្រុំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងកូរ៉េខាងត្បូង និងកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងនឹងសហការគ្នារៀបចំជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ។

    នៅក្នុងឱកាសនោះផងដែរឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ និងបន្តដោយការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ទំនាក់ទំនងនេះត្រូវបានពូនជ្រុំបន្ថែមទៀត រហូតដល់ក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។

    ឯកឧត្តមបានចាត់ទុកតួអង្គសម្ដេចតេជោគឺជាអ្នកពូនជ្រុំនិងជាស្ថាបនិកនៃការបង្កើតនិងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។

    ឯកឧត្តមបានបញ្ជាក់បន្ថែមថានៅក្នុងអាណត្តិឯកឧត្តមជាឯកអគ្គរដ្ឋទូត ឯកឧត្តមនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: