ករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យបុគ្គលិកក្រុមហ៊ុនតអគ្គីសនី ៣នាក់ រងរបួសធ្ងន់និងស្រាល
(ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបង្ហោះលើគណនីផ្ទាល់ខ្លួន ថា មាន ករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យបុគ្គលិកក្រុមហ៊ុនតអគ្គីសនី ៣នាក់ រងរបួសធ្ងន់និងស្រាល។

តាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា បន្ថែមថា នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដេីរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានដែលករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSN ចំនួន ៣នាក់ រងរបួសធ្ងន់និងស្រាល។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវជាថ្មីទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជននិងអង្គភាពរដ្ឋទាំងអស់ដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន សូមមេត្តាធ្វើការសម្របសម្រួលជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMAC ស៊ីម៉ាក់ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕





ប្រភព៖ Heng Ratana