ប្រមុខការទូតកម្ពុជា-ឡាវ ជួបពិភាក្សាគ្នា ដោយផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រមុខការទូតកម្ពុជា-ឡាវ ជួបពិភាក្សាគ្នា ដោយផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ ឯកឧត្តម ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ នៅកោះសេប៊ូ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នេះ។
ក្នុងជំនួបក្រៅផ្លូវការខាងលើ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងឆ្នាំ២០២៦នេះ ដែលជាខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ហើយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពនានារួមគ្នាឱ្យមានអត្ថន័យជ្រាលជ្រៅសម្រាប់អបអរសាទរនូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។
ទន្ទឹមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានឆ្លៀតឱកាសផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម៕


ប្រភព៖ ក្រសួងព័ត៌មាន