ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ ២០២៥

    BY soknita January 30, 2026
    មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ ២០២៥

    (រាជធានីភ្នំពេញ)៖ យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រយៈពេលពេញ១ ឆ្នាំ ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង ១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤កន្លងទៅ។ នេះបើតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆ្នាំ ២០២៥។

    This image has an empty alt attribute; its file name is 2.jpg

    តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន ២៥ ៧៣៦នាក់ ផ្ដល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់។

    តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា ៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

    គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ចំណែកនៅសៀមរាប(មន្ទីរពេទ្យជ័យរវ្ម័នទី៧) ដំណើរការនៅឆ្នាំ១៩៩៩។

    មន្ទីរពេទ្យគន្ធបុប្ផាមានបេសកកម្មវេជ្ជសាស្ត្រឯកទេសព្យាបាលរោគកុមារទូទៅ សង្គ្រោះបន្ទាន់ជំងឺកុមារ និងទារក និងទារកវិទ្យា, ផ្នែកសម្ភព, ឯកទេសជំងឺទឹកនោមផ្អែមកុមារ, ឯកទេសជំងឺបំពង់រំលាយអាហារកុមារ, ឯកទេសជំងឺដុំមហារីក និងមហារីកឈាមស, សល្យសាស្ត្ររោគកុមារទូទៅ និងសល្យសាស្ត្រប្រព័ន្ធប្រសាទ, សល្យសាស្ត្រផ្នែកជំងឺបេះដូងកុមារ, ផ្នែកព្យាបាលអន្តរាគមន៍តាមសរសៃឈាម, ឯកទេសព្យាបាលជំងឺ Épilepsie, ផ្នែកអប់រំសុខភាពបឋម និងចាក់ថ្នាំបង្ការ។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។

    ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: