ផ្នែកឯកជនក្នុងវិស័យទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន សម្តែងនូវការចាប់អារម្មណ៍ចំពោះសក្តានុពលនៃទីផ្សារទេសចរណ៍កម្ពុជា
(ប្រទេសហ្វីលីពីន)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន សម្តែងនូវការចាប់អារម្មណ៍ចំពោះសក្តានុពលនៃទីផ្សារទេសចរណ៍កម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុនឯកជន ដែលជាប្រតិបត្តិករទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន ចំនួន ១៨ ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ក្នុងការជំរុញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា, ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាភាពចូលរួមសរុបប្រមាណ ៣០ រូប។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិបត្តិករទេសចរណ៍ទាំងអស់អំពីស្ថានភាពទូទៅនៅកម្ពុជា កត្តាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់បរិយកាសអនុគ្រោះដល់ការវិនិយោគ និង ទេសចរណ៍នៅកម្ពុជា។ កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ជូននូវបទពិសោធសម្បូរបែបដល់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈសក្តានុពលទេសចរណ៍វប្បធម៌និងធម្មជាតិ, ម្ហូបអាហារ, ប្រពៃណីទំនៀមទំលាប់, ប្រវត្តិសាស្ត្រដ៏ចំណាស់, ភាពរួសរាយរាក់ទាក់និងស្មាមញញឹមរបស់ប្រជាជនខ្មែរ ដែលទាំងអស់នេះគឺជាអត្តសញ្ញាណខ្មែរ។
ប្រតិបត្តិករទេសចរណ៍ទាំងអស់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និង រីករាយទៅទស្សនាកម្ពុជាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយសហការជាមួយផ្នែកឯកជនរបស់កម្ពុជា ក៏ដូចជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា៕




ប្រភព៖ ក្រសួងព័ត៌មាន