៣ខែចុង ឆ្នាំ ២០២៥ ការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យ ថយចុះជាង ១ម៉ឺនសេវា ដោយសារអំពើឈ្លានពានរបស់ភាគីថៃ
(ខេត្តឧត្តរមានជ័យ)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃព្រឹកទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែចុងក្រោយ នៃឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី ១ ខែតុលា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ អង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យផ្ដល់សេវាជូនប្រជាពលរដ្ឋបានត្រឹមតែ៦៣០សេវាប៉ុណ្ណោះ។ ចំនួននេះត្រូវថយចុះរហូតដល់ទៅ ១០.២១៩សេវា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ហេតុផលតែមួយគត់ នាំឱ្យការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ ក៏ដូចគ្នានឹងបណ្ដាខេត្តជាប់ព្រំដែនភាគខាងលិចផ្សេងទៀត គឺបានថយចុះដោយសារអំពើឈ្លានពានរបស់ភាគីថៃម្ដងហើយម្ដងទៀត លើកទីមួយនៅអំឡុងខែកក្កដា និងលើកទីពីរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ អំពើឈ្លានពាននេះ បើនិយាយដោយឡែក បានបង្ខំឱ្យរដ្ឋបាលសាលាខេត្តឧត្តរមានជ័យត្រូវបិទទ្វារ ក្នុងនោះក៏រួមទាំងអង្គភាពច្រកចេញចូលតែមួយផងដែរ។
បែបនេះក្ដី មន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ មិនបោះបង់ការបំពេញតួនាទីភារកិច្ច នោះឡើយ។ ជាក់ស្ដែង វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់បាន២០០សេវា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់បាន១៦០សេវា វិស័យសាធារណការ និងដឹកជញ្ជូន ផ្ដល់បាន១១០សេវា វិស័យសុខាភិបាល ផ្ដល់បាន៩៤សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ដល់បាន៣៥សេវា ខណៈវិស័យខ្លះទៀតផ្ដល់បានតិចតួចដែរ។
សូមបញ្ជាក់ថាអំពើឈ្លានពានរបស់ភាគីថៃលើកទី២ ក្នុងខែធ្នូ ឆ្នាំ ២០២៥ បានបណ្ដាលឱ្យពលរដ្ឋខេត្តឧត្តរមានជ័យ ស្លាប់ចំនួន៩នាក់ រងរបួសចំនួន១៦នាក់ និងមានពលរដ្ឋជាច្រើនម៉ឺននាក់ទៀតបង្ខំចិត្តភៀសសឹកទៅកាន់ជំរំសុវត្ថិភាព។ នេះមិនទាន់គិតពីផលប៉ះពាល់ផ្នែកសាធារណៈ និងឯកជនជាច្រើនទៀតនៅឡើយផង៕

ប្រភព៖ ក្រសួងមហាផ្ទៃ