ផ្សារទំនើបដំបូងគេ ដែលមានស្ពានអាកាសឆ្លងចេញចូល នឹងបើកដំណើរការនៅថ្ងៃ ២២ ខាងមុខនេះ
ផ្សារទំនើប ឌឹអូឡាំព្យាម៉ល របស់ក្រុមហ៊ុន OCIC ដែលគេស្គាល់ថាជារបស់អ្នកឧកញ៉ា ពុង ឃាវសែ ត្រៀមបើកដំណើរការសាកល្បងនៅថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ នេះស្របពេលដែលស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងបើកដំណើរការជាសាធារណៈ ក្នុងពេលតែមួយ។ បើតាមការចុះផ្សាយនៅលើគេហទំព័រ OCIC បានអោយដឹងថា ផ្សារទំនើប ឌឹអូឡាំព្យាម៉ល នេះមានចំនុចពិសេសជាច្រើនដូចជា
– ទីតាំងចំកណ្តាលទីក្រុងភ្នំពេញ ដែលហ៊ុមព័ទ្ធដោយ អគារ ស្នាក់នៅ និងខុនដូរស្តង់ដារខ្ពស់ បង្កើតជាផ្សារទំនើបឈានមុខ នៅចំកណ្តាលរាជធានី ភ្នំពេញ ដែលមានហាងសំលៀកបំពាក់ល្បីភោជនីយដ្ឋានចំរុះ កន្លែងកំសាន្ត និងសេវាកម្ម ផ្សេងៗទៀតជាច្រើន អាចបំពេញតម្រូវការសព្វគ្រប់របស់អតិថិជន ។
– ផ្សារទំនើប The Olympia Mall គឺជាមជ្ឈមណ្ឌលលក់ទំនិញគ្រប់ប្រភេទ ហើយអ្វីដែល កាន់តែអស្ចារ្យមួយកំរិតថែមទៀតនោះ គឺផ្សារទំនើបនេះហ៊ុមព័ទ្ធទៅដោយខុនដូ សាលារៀន សណ្ឋាគារ និងផ្ទះពាណិជ្ជកម្មជាប់ដងវិថីជាច្រើនបន្ទប់ ។ កត្តាទាំងអស់នាំអោយចរាចរណ៍ អតិថិនជនមានកំរិតខ្ពស់ និងទៀងទាត់ ។
ចំពោះអតិថិជនគោលដៅរបស់ផ្សារទំនើបមួយនេះគឺគេផ្តោតលើ អតិថិជនចំណូលកំរិតមធ្យមទៅខ្ពស់ និងជាផ្សារដែលមានកំពស់ ០៧ ជាន់ (នឹងពង្រីកបន្ថែមដល់ជាន់ទី ០៩) ដោយបើកដំណើរការពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ១០៖០០ យប់ ហើយមានប្រភេទហាងដូចជា៖ ផ្សារទំនើប ទីវាលក្មេងលេងកំសាន្ត មជ្ឈមណ្ឌលលេងហ្គេម កន្លែងហាត់ប្រាណ រោងកុន ហាងអាហារ ហាងលក់សំលៀកបំពាក់ល្បីៗ ហាងលើអាកាស សួនច្បារចំរុះ និងសេវាកម្មផ្សេងៗទៀត៕

អត្ថបទ៖ សុវណ្ណ



