ជនជាតិបរទេស ៤២៨នាក់ទៀតហើយ ដែលត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធករណីលួ-ចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់
(រាជធានីភ្នំពេញ)៖ អគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិបរទេសសរុប ៤២៨នាក់ទៀតហើយ ដែលត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោយរកឃើញពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់។ ក្នុងនោះមានជនជាតិ ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស កូរ៉េ ប៉ាគីស្ថាន យូហ្គង់ដា នីហ្សេរីយ៉ា និងឥណ្ឌា។

តាមការចុះផ្សាយពី អគ្គនាយកអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤២៨នាក់ (ស្រី៤នាក់) មាន ៨សញ្ជាតិ រួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស កូរ៉េ ប៉ាគីស្ថាន យូហ្គង់ដា នីហ្សេរីយ៉ា និងឥណ្ឌា ក្នុងនោះមានជនជាតិចិន(៤០១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕



ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍