ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទាន ១០ម៉ឺនដុល្លារ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)

    BY soknita February 4, 2026
    សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទាន ១០ម៉ឺនដុល្លារ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)

    (រាជធានីផ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទាន ១០ម៉ឺនដុល្លារ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។

    មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទទួលបានការ សព្វព្រះរាជហឫទ័យពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសសម្អាតមីន។

    ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី៣កុម្ភៈ បានគូសបញ្ជាក់ថា ព្រះរាជអំណោយរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម។

    ឯកឧត្តម ហេង រតនា បន្តថា ជាពិសេសព្រះរាជអំណោយរបស់ទ្រង់ បានបង្ហាញពីព្រះរាជហឫទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងទាំងអស់នៃអង្គភាពស៊ីម៉ាក់ ដែលកំពុងបំពេញប្រតិបត្តិការបោសសម្អាតគ្រាប់មីន សំណល់យុទ្ធភណ្ឌសង្គ្រាមចាស់ និងសំណល់យុទ្ធភណ្ឌសង្គ្រាមបន្សល់ទុកដោយយោធាសៀមឈ្លានពានថ្មីៗនេះ។ សូមរំឭកថា កាលពីដើមខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារស៊ីម៉ាក់រួចមកហើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: