ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម វ៉ី សំណាង៖ វិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់ ក្នុងខេត្តតាកែវ រួមចំណែកក្នុងសេដ្ឋកិច្ចក្នុងខេត្ត ចំនួន ៣១ ភាគរយ តាមរយៈប្រាក់ឈ្នួលកម្មករ និយោជិត ជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

    BY soknita February 5, 2026
    ឯកឧត្តម វ៉ី សំណាង៖ វិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់ ក្នុងខេត្តតាកែវ រួមចំណែកក្នុងសេដ្ឋកិច្ចក្នុងខេត្ត ចំនួន ៣១ ភាគរយ តាមរយៈប្រាក់ឈ្នួលកម្មករ និយោជិត ជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

    (ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា វិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់ ក្នុងខេត្តតាកែវ រួមចំណែកក្នុងសេដ្ឋកិច្ចក្នុងខេត្ត ចំនួន ៣១ ភាគរយ តាមរយៈប្រាក់ឈ្នួលកម្មករ និយោជិត ជាង ៤០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ដោយនៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមការងារចុះបញ្ជីវិនិយោគដែលមានទុនសមមូលក្រោម ៥លានដុល្លាអាមេរិក ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

    ឯកឧត្ដម​ អភិបាលបានលើកឡើងថា ខេត្តតាកែវស្ថិតនៅប៉ែកនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានក្រុង១និងស្រុក៩ មានសង្កាត់៣និងឃុំ៩៧ និងមានភូមិចំនួន ១.១២១ ភូមិ និងមានផ្ទៃដីសរុបចំនួន ៣.៦៨០,១១ គ.ម២ ខេត្តមានព្រំប្រទល់ខាងជើងនិងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺនិងខេត្តកំពត ខាងត្បូងនិងខាងកើតជាប់នឹងប្រទេសវៀតណាម ព្រមទាំងទំហំសេដ្ឋកិច្ចខេត្តសម្រាប់ឆ្នាំគោល២០២៤ ចំនួន ១០ទ្រីលាន ១៧៦ប៊ីលានរៀល គិតជាដុល្លារ ២ប៊ីលាន ៥៤៤លានដុល្លារ សម្រាប់ចំណូលមនុស្សម្នាក់ៗស្មើនឹង ៩.០៥៦.០០០ រៀល ឬស្មើ ២.២៦៤ ដុល្លារ។

    ក្នុងបទអន្តរាគមន៍នេះផងដែរ​ ឯកឧត្ដម​ អភិបាល​ខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្តាកែវបាននឹងកំពុងអនុវត្តនូវគម្រោងអភិវឌ្ឍន៍ខេត្តមួយចំនួនដូចជា គម្រោងសាងសង់ប្រាសាទក្នុងផ្ទៃបឹងតាកែវ រៀបចំវេទិកាអុំទូក សណ្ឋាគារលំដាប់ផ្កាយបួន និងផ្លូវក្រវ៉ាត់បឹងតាកែវ ដែលមានប្រវែងសរុបប្រមាណ១៨ គីឡូម៉ែត្រ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។ មួយវិញទៀតខាងវិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់ បានរួមចំណែកក្នុងសេដ្ឋកិច្ចខេត្តចំនួន ៣១% តាមរយៈប្រាក់ឈ្នួលកម្មករ និយោជិត សរុបចំនួន ៤៣៤,៣៩៧,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០២៥ នេះដែរ មានរោចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ១.០២២ មូលដ្ឋានដូចជារោងចក្រធុនធំ ចំនួន ២២៨មូលដ្ឋាន សហគ្រាសធុនតូច ចំនួន ១៩២មូលដ្ឋាន សហគ្រាសធុនមធ្យម ចំនួន០៧មូលដ្ឋាន និងសិប្បកម្ម ចំនួន ៥៩៥មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្ម ចំនួន ១៤៤,៧៩៩នាក់ ស្រី ៨៧,៥២៨នាក់ និងទុនវិនិយោគសរុបចំនួន ១,០០៥,០៩០,២០៦ ដុល្លារអាមេរិក។

    ជាចុងបញ្ចប់ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំឱ្យមានការរៀបចំវេទិការវាងអនុគណៈកម្មាធិការវិនិយោគខេត្ត និង វិស័យឯកជន ១ឆ្នាំ ពីរដង និងស្នើសុំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តឱ្យបានពេញលេញស្របតាមអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ត្រង់ជំពូកទី៥ ស្តីពីប្រតិភូកម្មសិទ្ធិអំណាច មាត្រា៩៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: