សម្តេចធិបតី ៖ គ្មានការលើកលែងចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(រាជធានីភ្នំពេញ)៖ តាមការចអផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម។ សម្តេចធិបតីថ្លែងបែបនេះ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។ ក្នុងន័យនេះ សម្តេចធិបតីបានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្តមរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

