សហភាពអឺរ៉ុប បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់ជូនគ្រួសារភៀសសឹកនៅខេត្តបន្ទាយមានជ័យ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថាសហភាពអឺរ៉ុប ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ជូនគ្រួសារភៀសសឹកនៅខេត្តបន្ទាយមានជ័យ ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ។ កាលពីរសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ចែកជូនដល់គ្រួសារភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ស្ថានភាពប្រជាពលរដ្ឋភៀសសឹកនាពេលនេះ គឺជាលទ្ធផលនៃភាពតានតឹងនៅតំបន់ព្រំដែន ដែលបង្កឡើងដោយការរំលោភបំពានដែនអធិបតេយ្យភាពពីសំណាក់ភាគីយោធាថៃ។ បើទោះបីជាមានបទឈប់បាញ់តាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែការដាក់ទូកុងតឺន័រ និងរបងបន្លាលួសព័ទ្ធយកដីធ្លីផ្ទះសម្បែង បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារមិនទាន់អាចវិលត្រលប់ទៅរស់នៅតាមលំនៅឋានដើមវិញបាន។
ក្នុងបរិបទដ៏លំបាកនេះ សហភាពអឺរ៉ុបតាមរយៈអង្គការ UNICEF បានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ រួមមាន សម្ភារប្រើប្រាស់ចាំបាច់មានដូចជា តង់ សម្ភារ ផ្សេងៗ អំពូលសូឡា និងសម្ភារកុមារ សម្រាប់តម្រូវការរស់នៅប្រចាំថ្ងៃក្នុងជម្រកបណ្តោះអាសន្ន។ គ្រឿងឧបភោគបរិភោគ ដើម្បីធានាបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសាររងគ្រោះ។ ការគាំទ្រផ្នែកសុខុមាលភាព សំដៅលើកកម្ពស់អនាម័យ និងសុខភាពដល់កុមារ និងស្ត្រី។
ឯកឧត្តម Igor Driesmans បានបញ្ជាក់ក្នុងពិធីនោះថា សហភាពអឺរ៉ុបនៅតែបន្តប្រកាន់ខ្ជាប់នូវតម្លៃមនុស្សធម៌ និងឈរនៅក្បែរប្រជាជនដែលរងគ្រោះដោយសារជម្លោះ។ ឯកឧត្តមសង្ឃឹមថា ជំនួយទាំងនេះនឹងជួយសម្រាលទុក្ខលំបាកមួយផ្នែកធំរបស់បងប្អូនពលរដ្ឋភៀសសឹក ក្នុងអំឡុងពេលរង់ចាំដំណោះស្រាយប្រកបដោយស្ថិរភាព។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ EU ដែលជាមិត្តដ៏ល្អក្នុងគ្រាលំបាក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល គឺការការពារសុវត្ថិភាព និងជីវភាពរបស់ពលរដ្ឋ។ យើងកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនតាមផ្លូវការទូត និងសន្តិវិធី ដើម្បីឱ្យបងប្អូនអាចវិលត្រលប់ទៅរស់នៅ និងប្រកបរបរកសិកម្មនៅលើដីធ្លីខ្លួនវិញក្នុងពេលឆាប់ៗ”។
អមដំណើរក្នុងកម្មវិធីនេះ ក៏មានវត្តមានឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផងដែរ។ អាជ្ញាធរខេត្តបានប្តេជ្ញាបន្តតាមដានស្ថានភាពសន្តិសុខ និងផ្តល់សេវាថែទាំសុខភាពយ៉ាងដិតដល់នៅតាមមណ្ឌលសុវត្ថិភាពនានា ដើម្បីធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ចោល។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការផ្តល់សម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសារនៃសេចក្តីសង្ឃឹម និងការបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងការរួមគ្នាដោះស្រាយបញ្ហាមនុស្សធម៌ជាសកល៕



ប្រភព៖ ក្រសួងព័ត៌មាន