UN សន្យាជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ជនភៀសសឹកកម្ពុជា រងគ្រោះពីសង្គ្រាម ឈ្លានពានឱ្យបានមុនរដូវភ្លៀង
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា UN សន្យាជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹកកម្ពុជា រងគ្រោះពីសង្គ្រាម ឈ្លានពានឱ្យបានមុនរដូវភ្លៀង។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ UN បានសន្យាជួយរៀបចំកន្លែងស្នាក់នៅបណ្តោះ អាសន្នសម្រាប់ជនភៀសសឹកកម្ពុជា រងគ្រោះពីសង្គ្រាមឈ្លានពានឱ្យបានមុនរដូវភ្លៀង ដើម្បីជួយដោះ ស្រាយទុក្ខលំបាកក្នុងការស្នាក់នៅប្រចាំថ្ងៃឱ្យមានភាពល្អប្រសើរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្ត គាំទ្រអនុវត្តលើគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានប្តេជ្ញាសហការ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយជនភៀសសឹករងគ្រោះពីសង្គ្រាម ឈ្លានពាន ពិសេសនឹងជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ជនភៀសសឹកកម្ពុជា ឱ្យបានមុនរដូវភ្លៀងមកដល់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ស្របពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅ សមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺ ការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់បំផុត។
ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារអន្តរក្រសួងបាន សិក្សារៀបចំជម្រកបណ្តោះអាសន្ននេះ ដែលមានអំណោយផលទទួលជនភៀសសឹកបានជាច្រើនគ្រួសារ និងការពារពីអាកាសធាតុ ជាពិសេសក្នុងរដូវវស្សាខាងមុខផងដែរ។
សូមជម្រាបថា ការរៀបចំជម្រកបណ្តោះអាសន្ននេះ គឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ជួយឱ្យជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរ សុខសុវត្ថិភាព អនាម័យ និងសុខភាពល្អ៕





ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា