រកឃើញក្រុមហ៊ុនផលិតដំណាប់ស្វាយនៅខេត្តកំពង់ធំ ដំណើរការមិនគោរពតាមច្បាប់បរិស្ថាន
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងតាមរយៈ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញមានការបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការដោយគ្មានលិខិត បទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍សម្អាតបរិស្ថានឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស បរិស្ថាន។

ក្រសួងបរិស្ថានបានតម្រូវឱ្យផ្អាកផលិតកម្មជាបណ្តោះអាសន្ន ដើម្បីធ្វើការសម្អាតសំណល់រាវ និងទប់ស្កាត់ ការបំពុលបរិសា្ថន។ ក្រុមហ៊ុនត្រូវអនុវត្តច្បាប់ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨។ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន
១. បញ្ឈប់ការបញ្ចេញសំណល់រាវកខ្វក់ជាបន្ទាន់ទោះរូបភាពណាក៏ដោយ។
២. ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៣. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។
៤. ត្រូវកែសម្រួលប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដា។
៥. ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន តាមការគណនាជាក់ស្ដែង។
៦. ត្រូវទុកដាក់សំណល់សំបក និងគ្រាប់ស្វាយឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតដុតសំណល់ គ្រប់ប្រភេទ។
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីមន្រ្តីមន្ទីរ បរិស្ថានខេត្តកំពង់ធំ លោកអភិបាលរងស្រុកស្ទោង តំណាងឃុំកំពង់ចិនជើង និងលោកមេភូមិត្រាច បានធ្វើការចុះត្រួតពិនិត្យ ការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុនខាងលើ។ ក្រុមការងារបានរកឃើញ ក្រុមហ៊ុនបានបញ្ចេញផ្សែងចេញពី បំពង់ផ្សែងឡចំហាយ ដោយលទ្ធផលទទួលបាន គឺ លើសកម្រិត កំណត់ស្ដង់ដា
លើសពីនេះក្រុមហ៊ុនបានបើកដំណើរការចាប់ពីខែកុម្ភៈឆ្នាំ ២០២៥ ពុំមានកិច្ចសន្យាបរិស្ថាន និងលិខិត អនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងបរិស្ថាន។ ក្រុមហ៊ុន ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយបង្ហូរសំណល់រាវដោយផ្ទាល់ចូលប្រឡាយ និងអាចហូរចូលស្ទឹងធម្មជាតិនៅពេលបរិមាណ សំណល់រាវច្រើន។ កន្លងមកនេះក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់ ដោយទុកដាក់សំណល់មិនបានត្រឹមត្រូវ និងបានដុតសំរាម សំណល់ប្លាស្ទិក៕




