ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    CDC ជួបពិភាក្សាជាមួយគណប្រតិភូក្រុមហ៊ុន Vinci Construction ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង សួនកែច្នៃកាកសំណល់

    BY soknita February 13, 2026
    CDC ជួបពិភាក្សាជាមួយគណប្រតិភូក្រុមហ៊ុន Vinci Construction ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង សួនកែច្នៃកាកសំណល់

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាជាមួយគណប្រតិភូក្រុមហ៊ុន Vinci Construction ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់ – ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល” ។

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

    ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់ – ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលត្រូវបានសហការសិក្សាដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ Company ។ តាមរយៈបទបង្ហាញនេះដែរ អ្នកជំនាញបានជម្រាបអំពីព័ត៌មាន ជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន, បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការធ្វើប្រព្រឹត្តកម្មរោងចក្រកាកសំណល់ និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្តទៀត។

    សូមជម្រាបដែរថា ក្រុមហ៊ុនទាំងពីរបានសហការសិក្សាគម្រោងនេះឡើងជាមួយវត្ថុបំណង រួមមាន៖ (១)បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ប្លាស្ទិកទៅជាអគ្គិសនី, (២)បង្កើនអាយុកាលនៃទីលានចាក់សំរាម, (៣) លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ, (៤) លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង (៥) ពង្រឹងការគ្រប់គ្រងការចំណាយក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: