មនុស្ស ៤នាក់បានបាត់បង់ជីវិត ក្នុងករណីអគ្គិភ័យឆាបឆេះមួយកន្លែងនៅឬស្សីកែវ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីអគ្គិភ័យមួយកន្លែង នៅខណ្ឌឬស្សីកែវ កាលពីយប់មិញនេះ បណ្ដាលឱ្យមនុស្ស ៤នាក់ បាត់បង់ជីវិត។

ក្នងនោះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់បន្ថែមថា នៅវេលាម៉ោង ២២:២០នាទីយប់ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ មានករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋានមួយកន្លែង កើតឡើងនៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សម្រាប់ម្ចាស់ផ្ទះទី១ ឈ្មោះ សន សុខឃីម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរជា អ្នកលក់នំខេក។ ដោយឡែកមូលហេតុ កំពុងធ្វើការស្រាវជ្រាវ រីឯប្រភេទសំណង់ជា ផ្ទះល្វែង ២ល្វែង ថ្មបេតុង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) សម្ភារៈដែលខូចខាតមាន ផ្ទះល្វែង ៣ល្វែង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) អស់ទាំងស្រុង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទាំងស្រុង។
ករណីអគ្គិភ័យមួយនេះ បណ្ដាលឱ្យមនុស្សចំនួន ០៤នាក់ (ប្រុស០១នាក់ ស្រី០៣នាក់) បានបាត់បង់ជីវិត និងរបួសមនុស្ស ចំនួន ០៥នាក់ (ស្រី០១នាក់រងរបួសធ្ងន់ ប្រុស០៣នាក់ ជាក្រុមជំនួយស្ម័គ្រចិត្ត)។ ក្នុងករណីអគ្គិភ័យមួយនេះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៧៦ឡាន ស្មើនឹង ១០៥៦ម៉ែត្រគូប ។
-រថយន្តជំនួយ: រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
-រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើរនឹង១៦ម៉ែត្រគូប។
-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង១២ម៉ែត្រគូប។
– ពន្លត់ចប់: នៅម៉ោង ២និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២០ ខែឆ្នាំដដែល៕





ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ