ជនជាតិចិនជាង ៤០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីឆបោ-កតាមប្រព័ន្ធអនឡាញ
(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនជាតិចិនជាង ៤៩៤នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមថា នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ តាមការអនុវត្តរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៤៩៤នាក់ (ស្រី២៨នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ករណីបង្រ្កាបនៅខេត្តព្រះសីហនុ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
ចំពោះការបណ្ដេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕




ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍