ក្រសួងការបរទេស៖ រាល់ជំនួបជាមួយសមភាគីនៅអាម៉េរិក សម្តេចធិបតី តែងតែលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួងការបរទេស បានឱ្យដឹងថា រាល់ក្នុងជំនួបជាមួយភាគីអន្តរជាតិ អំឡុងពេលស្នាក់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដើម្បីអញ្ជើញចូលរួម “កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព” ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាប្រធានក្រុមប្រឹក្សាសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែតតែងតែជម្រាបជូនសមភាគី អំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ក្រសួងការបរទេស បានចេញផ្សាយ នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្តីពី លទ្ធផលនៃកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព និងជំនួបជាមួយសហគមន៍អន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី បានជួបពិភាក្សាផ្លាស់ប្តូរទស្សនៈជាមួយសមភាគីអន្តរជាតិជាច្រើននាក់រួមមាន ៖ ជឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រីលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម។ បន្តមកទៀតសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងឯកឧត្តម តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។
ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រីបានជួបពិភាក្សាឯកឧត្តមJamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ។ ក្នុងនោះក៏មានជាមួយឯកឧត្តម Christoper Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ។ ជំនួបជាមួយឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងឯកឧត្តម Andrew Collison Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ។
បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជំនួបសម្តែងការគួរសម ពីឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ ដែលរាល់ជំនួបទាំងអស់នោះ សម្តេចធិបតីសុទ្ធតែបានលើកឡើងពីករណីព្រំដែនកម្ពុជា-ថៃ ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា ក្នុងជំនួបខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជម្រាបជូនសមភាគី អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណ តម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង ដើម្បីរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬប្រើប្រាស់កម្លាំង ៕







ប្រភព៖ ក្រសួងព័ត៌មាន