ប្រធានអាស៊ាន ប្តេជ្ញាលើកកម្ពស់សមត្ថភាពការងាររបស់ AOT បន្ថែមទៀត ដើម្បីជួយរក្សាបទឈប់បាញ់កម្ពុជា និងថៃ
យោងងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ បានឱ្យដឹងថា «សាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ សូមកោតសរសើរចំពោះកិច្ចពិគ្រោះយោបល់ជាមួយប្រទេសទាំងពីរពាក់ព័ន្ធនឹងបទឈប់បាញ់ និងប្តេជ្ញាក្នុងការពង្រឹងសមត្ថភាពការងារ របស់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយរក្សាបទឈប់បាញ់នេះ ដែលនឹងអនុញ្ញាតឱ្យមានពេលវេលាសមស្របសម្រាប់យន្តការទ្វេភាគី ដែលអាចទទួលបានសម្រាប់ប្រទេសទាំងពីរ ដែលជាអ្នកជិតខាងនឹងគ្នា និងជាសមាជិកអាស៊ានរបស់យើង សម្រាប់សន្តិភាពយូរអង្វែង»។

នេះជាការលើកឡើងរបស់ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជនភៀសសឹក និងសកម្មភាពរំលោភបំពានរបស់ថៃ នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ព្រមទាំងចុះពិនិត្យស្ថានភាពជនភៀសសឹក ចំនួន២ទីតាំង ផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតបានរំលឹកថា អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានមកទីនេះក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ហើយនោះជាផ្នែកមួយនៃដំណើរការពិគ្រោះយោបល់របស់យើង និងការប្រមូលធាតុចូលពីភាគីទាំងពីរ ដើម្បីពង្រឹងប្រសិទ្ធភាពក្រមប្រតិបត្តិ (TOR) របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ហើយប្រធានអាស៊ាន នឹងត្រៀមលក្ខណៈផ្តល់ការសម្របសម្រួលផ្សេងៗ ទៅតាមការស្នើសុំរបស់ភាគីទាំងពីរ។
បន្ថែមពីលើនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តទៀតថា៖ «ក្នុងនាមគ្រួសារអាស៊ានតែមួយ យើងសង្ឃឹមថានឹងមានដំណោះស្រាយដោយសន្តិវិធីនៃបញ្ហាព្រំដែនកម្ពុជា និងថៃ»។
សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕

ប្រភព៖ ក្រសួងព័ត៌មាន