ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល ៣ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិបរទេសចំនួនជាង ១,០០០នាក់ ចេញពីកម្ពុជាតាមច្រកទ្វារអាកាសអន្តរជាតិតេជោ ពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅ និងធ្វើការងារខុសច្បាប់

    BY soknita February 24, 2026
    រយៈពេល ៣ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិបរទេសចំនួនជាង ១,០០០នាក់ ចេញពីកម្ពុជាតាមច្រកទ្វារអាកាសអន្តរជាតិតេជោ ពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅ និងធ្វើការងារខុសច្បាប់

    (រាជធានីភ្នំពពេញ)៖ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី ២១ ២២ និងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។ ក្នុងរយៈពេល ៣ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិបរទេសចំនួនជាង ១០៩០នាក់ ចេញពីកម្ពុជាតាមច្រកទ្វារអាកាសអន្តរជាតិតេជោ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់។

    ដោយធ្វើកការអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,០៩០នាក់ (ស្រី ១៣៥នាក់) មាន១៧សញ្ជាតិ រួមមានចិន ឥណ្ឌា ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា ប្រេស៊ីល បង់ក្លាដេស នេប៉ាល់ ចិនតៃវ៉ាន់ លីបេរីយ៉ា កាមេរូន យ៉ូហ្គង់ដា សេរ៉ាឡេអូន ម៉ាឡេស៊ី ហ្គាណា នីហ្សេរីយ៉ា និងមីយ៉ាន់ម៉ា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាតាមរយៈយន្តហោះពិសេស ក្នុងនោះ ២សញ្ជាតិ មានជនជាតចិន ចំនួន ៤៩៤នាក់ ករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងជនជាតិមីយ៉ាន់ម៉ា ចំនួន ១៦៨នាក់ និងមួយចំនួនទៀតត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    ចំពោះការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post: